ប្រជាជនអាមេរិក បានបន្តខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅ និងមានទស្សនៈមិនច្បាស់ពីបទបញ្ជាប្រតិបត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump រួមទាំងការប៉ុនប៉ងលុបចោលនូវអ្វីដែលហៅថា "សញ្ជាតិពីកំណើត" និងការសម្រេចរបស់លោកក្នុងការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក នេះបើតាមការស្ទង់មតិពីសារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញកាលពីថ្ងៃអង្គារ (២៨ មករា)។

ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មក ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះបានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីបង្ក្រាបលើជនអន្តោប្រវេសន៍ និងកាត់បន្ថយទំហំនៃរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលអ្នកឆ្លើយតបក្នុងការស្ទង់មតិរយៈពេល ៣ថ្ងៃនេះ មើលទៅកាន់តែអំណោយផល ប៉ុន្តែអ្នកខ្លះក៏មិនពេញចិត្តដែរ។

សរុបមក ការស្ទង់មតិបានបង្ហាញថា ៤៥% នៃប្រជាជនអាមេរិក បានគាំទ្រតំណែងប្រធានាធិបតីរបស់លោក Trump ដោយធ្លាក់ចុះបន្តិចពីតួលេខ ៤៧% នៅក្នុងការស្ទង់មតិកាលថ្ងៃទី២០-២១ ខែមករា។ ចំណែកអ្នកដែលមិនគាំទ្រគឺឡើងខ្ពស់បន្តិចនៅតួលេខ ៤៦% កើនឡើងពីចំនួន ៣៩% នៅក្នុងការស្ទង់មតិពីមុន។

គួររម្លឹកថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump អត្រាគាំទ្ររបស់លោកបានកើនឡើងខ្ពស់ដល់ទៅ ៤៩% ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៅក្នុងតំណែង ប៉ុន្តែលោកបានបញ្ចប់អាណត្តិរបស់ខ្លួននៅក្នុងអត្រាគាំទ្រតែ ៣៤%ប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក៕