ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានព្រមានថា បម្រាមរបស់ប្រទេសអ៊ីស្រាអែលដែលជិតចូលមកដល់ ដាក់លើទីភ្នាក់ងារនេះនឹងធ្វើឱ្យការងារមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីបជាប់គាំង និងធ្វើឱ្យអន្តរាយដល់បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅទីនោះ

លោក Philippe Lazzarini អគ្គស្នងការទីភ្នាក់ងារ UNRWA បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារថា បម្រាមនឹងត្រូវចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដែលនឹង «បង្កើនអស្ថិរភាព និងធ្វើឱ្យកាន់តែមានភាពអស់សង្ឃឹមនៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន ក្នុងពេលដ៏សំខាន់» ។

លោក និយាយថា ចំណាត់ការនេះក៏នឹងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងស្តារនិងកសាងឡើងវិញសម្រាប់តំបន់ដែលត្រូវបានបំផ្លាញដោយសង្រ្គាមរយៈពេលជាង១៥ខែ និងបានបំផ្លាញទំនុកចិត្តក្នុងសហគមន៍អន្តរជាតិ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់សន្តិភាព និងសន្តិសុខ។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល បានគាំទ្រ «ការសម្រេចចិត្តពីអធិបតេយ្យភាព» ដែលធ្វើឡើងដោយអ៊ីស្រាអែល ដើម្បីបិទទីភ្នាក់ងារ UNRWA និងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីភ្នាក់ងារនេះ។ លោក Dorothy Shae បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា ទីភ្នាក់ងារដែលកំពុងដឹកជញ្ជូនជំនួយដល់មនុស្សរាប់លាននាក់ គឺកំពុងតែនិយាយ «បំផ្លើស» ពីផលប៉ះពាល់នៃបម្រាមរបស់អ៊ីស្រាអែល ដែលអ្នកជំនាញ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ទំនងជាមហន្តរាយ។
ទីភ្នាក់ងារUNRWA ដំណើរការបណ្តាញធំបំផុតដែលផ្តល់ជំនួយមនុស្សធម៌ដល់មនុស្សរាប់សែននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប តំបន់West Bank និងទីក្រុងហ្សេរុយសាឡឹមខាងកើត និងដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅទូទាំងតំបន់មជ្ឈឹមបូព៌ា។