បាល់ទាត់៖ ក្រុមអង្គរថាយហ្គឺរបានស្ដារមុខមាត់បានវិញហើយ ក្រោយសងសឹកក្រុមបាល់ទាត់ខេត្តព្រៃវែងបានសម្រេចដោយលទ្ធផល ២-០ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី១០-វិច្ឆិកា ដើម្បីឡើងទៅជួបក្រុមព្រះខ័នរាជស្វាយរៀងនៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។

គេចាំបានថា កាលពីរដូវកាលមុនអង្គរថាយហ្គឺរបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃពានថ្នាក់ជាតិ បន្ទាប់ពីប្រកួត ២ជើងចាញ់ខេត្តព្រៃវែង ៥-៤ ក្នុងនោះជើងទី១ អង្គរថាយហ្គឺរបានចាញ់លើទឹកដី SRU ខេត្តសៀមរាប ៣-២ មុនក្រុមទាំងពីរប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានខេត្តព្រៃវែង។ ជំនួបសងសឹកនេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ប៉ុន្ដែចូលវគ្គទី២ បន្ទាប់ពីលេងបានជាង ១៥នាទីក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរបានស៊ុតបំប៉ោងសំណាញ់ទីក្រុមព្រៃវែង ២គ្រាប់ផ្ទួនៗដោយកីឡាករ ឡុង ភារ៉ាត និងកីឡាករ សុវណ្ណ ដូណា នៅនាទី៦០ និងនាទី៦៥។

បន្ទាប់មកក្រុមលេខ៣ ថ្នាក់ជាតិឆ្នាំចាស់ខេត្តព្រៃវែងក៏បានព្យាយាមវាយកផងដែរ តែមិនអាចបំបែកពង់មាន់ក្រុមអង្គរថាយហ្គឺរបានឡើយ។ ជ័យជម្នះនេះនាំឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរបានឡើងវគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀងនាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិឆ្នាំ២០២១៕
អត្ថបទ៖ លី ឈុនឡា