ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅក្នុងប្រទេសហៃទី នៅតែបន្តកើនឡើង ការទទួលបានសេវាថែទាំសុខភាពកំពុងធ្លាក់ចុះសម្រាប់មនុស្សភាគច្រើន។ អ្នកម្តាយជនជាតិហៃទី ជាច្រើនកំពុងស្វែងរកការថែទាំសុខភាពនៅមន្ទីរពេទ្យក្នុងសាធារណរដ្ឋដូមីនិក ដែលនៅជិតខាង។

ម្តាយជនជាតិហៃទីម្នាក់ និយាយថា តើខ្ញុំនឹងមានកូននៅប្រទេសហៃទីដែរទេ? ទេ ។ ខ្ញុំមិនដឹងថាការថែទាំ ពិតជាបែបណានោះទេនៅមន្ទីរពេទ្យប្រទេសហៃទី។ ខ្ញុំមិនគិតថា ខ្ញុំនឹងទទួលបានការថែទាំល្អប្រសើរនោះទេ ដោយសារតែស្ថានភាពរបស់រដ្ឋាភិបាល។ គ្មានរដ្ឋាភិបាលនៅប្រទេសហៃទី គ្មានអ្នកគ្រប់គ្រង ហើយមន្ទីរពេទ្យរបស់យើងនឹងពុំអាចព្យាបាលពួកយើង បានល្អប្រសើរឡើយ។

ប្រទេសហៃទី និងសាធារណរដ្ឋដូមីនិក ស្ថិតនៅលើកោះហ៊ីស្បានីញ៉ូឡា(Hispaniola) ដូចគ្នា នៅតំបន់សមុទ្ររការ៉ាអ៊ីប ប៉ុន្តែត្រូវបានបែងចែកដោយព្រំដែនដែលមានសុវត្ថិភាពខ្ពស់ និងភាពតានតឹងយូរអង្វែង។ នៅប្រទេសហៃទី ប្រព័ន្ធថែទាំសុខភាព ត្រូវបានរុញច្រានដល់កម្រិតនៃមាត់ជ្រោះ។
របាយការណ៍របស់អង្គការសហប្រជាជាតិក្នុងខែតុលា បាននិយាយថា មន្ទីរពេទ្យមិនដល់មួយភាគបួននៅជុំវិញទីក្រុង ព័រ អូប្រាំង កំពុងដំណើរការក្នុងពេលបច្ចុប្បន្ន។ ការវាយតម្លៃនេះ បានធ្វើឡើងមុនពេលមានការកើនឡើងអំពើហិង្សានៅចុងឆ្នាំ២០២៤ ដែលបានមើលឃើញក្រុមជនអន្ធពាលបាញ់សម្លាប់អ្នកសារព័ត៌មានដែលមកប្រមូលផ្តុំគ្នានៅមន្ទីរពេទ្យសាធារណៈធំបំផុតរបស់ប្រទេសហៃទី។
ប៉ុន្តែខណៈសាធារណរដ្ឋដូមីនិក ផ្តល់ឱ្យអ្នកម្តាយជនជាតិហៃទី ទទួលបានការថែទាំសុខភាពល្អប្រសើរ ប្រទេសនេះក៏បាននិរទេសជនជាតិហៃទី ជាង ២០០.០០០នាក់ក្នុងឆ្នាំ២០២៤ និងជិត១៥.០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃឆ្នាំ២០២៥ នេះ។ អាជ្ញាធរ បានសន្យាថានឹងបន្តនិរទេសមនុស្សរហូតដល់១០.០០០នាក់ ក្នុងមួយសប្តាហ៍ ដើម្បីគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍។