អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារទី ២៨ ខែមករា ថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានជូនដំណឹងជាផ្លូវការដល់អគ្គលេខាធិការ លោក Antonio Guterres អំពីការសម្រេចចិត្តរបស់ប្រធានាធិបតី លោក Donald Trump ដើម្បីដកខ្លួនចេញ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិថា «ខ្ញុំអាចបញ្ជាក់ប្រាប់អ្នកថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អគ្គលេខាធិការ ពីការដកខ្លួននេះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំនេះ ពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស»។

យោងតាមមាត្រាទី២៨ កថាខណ្ឌទី២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការដកខ្លួនរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
លោកនិយាយថា «យើងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ក្នុងការកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់១,៥អង្សាសេ។