សេតវិមាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅតែពិចារណាអំពីការដាក់ពន្ធលើការនាំចូលពីប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន ចាប់ពីថ្ងៃទី១ ខែកុម្ភៈ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ត្រូវបានសួរអំពីពន្ធដ៏មានសក្ដានុពល ក្នុងអំឡុងពេលសន្និសីទព័ត៌មានដំបូងរបស់លោកស្រី សម្រាប់រដ្ឋបាល លោក Trump កាលពីថ្ងៃអង្គារ។

លោកស្រី Leavitt បាននិយាយថា «លោកប្រធានាធិបតី បានប្តេជ្ញាក្នុងការអនុវត្តការដាក់ពន្ធដោយប្រសិទ្ធភាព ដូចដែលលោកបានធ្វើនៅក្នុងអាណត្តិដំបូងរបស់លោក»។ លោក Trump បានដាក់ផែនការដើម្បីប្រមូលពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក។ លោកក៏បានស្នើឲ្យដាក់ពន្ធបន្ថែម ១០ ភាគរយលើការនាំចូលពីប្រទេសចិន។
លោកស្រី Leavitt និយាយថាលោកស្រីបាននិយាយជាមួយ លោក Trump កាលពីយប់ថ្ងៃចន្ទ ថាកាលបរិច្ឆេទចាប់ផ្តើមថ្ងៃទី១ ខែកុម្ភៈ គឺ «នៅតែមាននៅក្នុងសៀវភៅ»។
លោក Scott Bessent រដ្ឋមន្ត្រីរតនាគារថ្មី តាមសេចក្តីរាយការណ៍ថាកំពុងជំរុញកាដាក់ពន្ធជាសកលលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក។ លោកទំនងជាចង់ឲ្យចាប់ផ្តើមពីការដាក់ពន្ធ២,៥ភាគរយ និងក្រោយមកកើនឡើងជាបន្តបន្ទាប់។
លោកស្រី Leavitt និយាយថា លោក Trump បានច្រានចោលគំនិតដាក់ពន្ធ ២,៥ ភាគរយ ដោយលោកប្រធានាធិបតី និយាយថា វា «ទាបពេក»។ លោកស្រីបញ្ជាក់ថា លោក Trump ចង់ឱ្យការដាក់ពន្ធ ខ្ពស់ជាងនេះ។