UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃពុធ ទី១០ វិច្ឆិកា ជុំវិញការកើនឡើងនៃអំពើហិង្សានៅទូទាំងសហភាពមីយ៉ាន់ម៉ា ហើយនៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយដែលបានព្រមព្រៀងគ្នាដោយសមាជិក ១៥រូបបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធជាបន្ទាន់ និងឱ្យយោធាអនុវត្តការអត់ធ្មត់ឲ្យបានខ្លាំងបំផុត។

មានរបាយការណ៍មួយចំនួនអំពីការបង្កើនអាវុធធុនធ្ងន់ និងកម្លាំងកងទ័ពនៅក្នុងរដ្ឋ Chin ដែលបង្ហាញពីការវាយប្រហាររបស់កងទ័ពដែលនឹងកើតមានឡើង ដើម្បីកម្ចាត់ក្រុមជីវពលដែលបានបង្កើតឡើង បន្ទាប់ពីយោធាបានបណ្ដេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។ សេចក្ដីថ្លែងការណ៍បាននិយាយថា ក្រុមសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សាថ្មីៗបន្ថែមទៀតនៅទូទាំងសហភាពមីយ៉ាន់ម៉ា។ ក្រុមសមាជិកទាំងនោះបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងធានាសុវត្ថិភាពរបស់ជនស៊ីវិល។
របបយោធាមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយអំពីស្ថានការណ៍នៅរដ្ឋ Chin ជាតំបន់ព្រំដែនងាយនឹងផ្ទុះជម្លោះ ដែលក្លាយជាតំបន់ជួរមុខនៃការតស៊ូប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។ សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិដោយសារការតវ៉ា និងអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារដោយរបបយោធាដែលកំពុងព្យាយាមគ្រប់គ្រងប្រទេស និងប្រឈមនឹងការតស៊ូប្រដាប់អាវុធពីក្រុមកងជីវពល និងក្រុមឧទ្ទាមជនជាតិភាគតិចដែលចងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល ដែលឧត្ដមសេនីយ៍យោធា Min Aung Hlaing ហៅថា ជាក្រុមភេរវករ៕
អត្ថបទ៖ សុខមាន