អ្នកស្រុកនៅក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង នៅថ្ងៃពុធ (២៩ មករា) បានសម្ដែងកង្វល់ថា ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការហោះហើរដោយសារតែមានឧប្បត្តិហេតុទាក់ទងនឹងយន្តហោះជាបន្តបន្ទាប់ ក្រោយយន្តហោះមួយគ្រឿងបានឆេះនៅអាកាសយានដ្ឋានមួយនៅភាគខាងត្បូងរបស់ប្រទេស ដោយបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។

ឧបទ្ទវហេតុនេះបានកើតឡើងនៅយប់ថ្ងៃអង្គារ (២៨ មករា) នៅពេលយន្តហោះ Airbus ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Air Busan បានឆេះនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ពេលរៀបចំចេញដំណើរទៅកាន់ទីក្រុងហុងកុង។ អ្នកដំណើរទាំង ១៦៩នាក់ និងបុគ្គលិក ៧នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈមូលហេតុឆេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ហេតុការណ៍នោះបានកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះ Jeju Air បានធ្លាក់នៅអាកាសយានដ្ឋាន Muan ភាគខាងលិចរបស់ប្រទេស អំឡុងពេលចុះចតបន្ទាន់ ដោយបានសម្លាប់មនុស្ស ១៨១នាក់នៅលើយន្តហោះ។

អ្នកក្រុងសេអ៊ូលជាច្រើននិយាយថា ពួកគេ "ភ័យ និងព្រួយបារម្ភ" បន្ទាប់ពីឧប្បត្តិហេតុទាំងនោះ ហើយស្ទាក់ស្ទើរក្នុងការហោះហើរ។ អ្នកស្រុកមួយចំនួនទៀតនិយាយថា ពួកគេសូមឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នចំពោះបញ្ហានេះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់បែបនេះកើតឡើងទៀត៕