ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងសេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ (២៨ មករា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់សេតវិមាននៅសប្តាហ៍ក្រោយ ក្នុងនាមជាមេដឹកនាំបរទេសដំបូងគេដែលធ្វើទស្សនកិច្ច ក្នុងអាណត្តិទីពីររបស់លោក Trump។

ការប្រកាសនេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យបន្តបទឈប់បាញ់ដែលបានផ្អាកសង្គ្រាមរយៈពេល ១៥ខែដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។ កិច្ចពិភាក្សាអំពីដំណាក់កាលទីពីរដ៏លំបាកនៃបទឈប់បាញ់ ដែលមានបំណងបញ្ចប់សង្រ្គាម ក៏នឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយផងដែរ។

កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរដែលរំពឹងទុកនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ គឺជាឱកាសមួយសម្រាប់លោក Netanyahu ដែលកំពុងស្ថិតនៅក្រោមសម្ពាធ ដើម្បីរំលឹកពិភពលោកពីការគាំទ្រដែលលោកបានទទួលពីលោក Trump ក្នុងរយៈពេលជាច្រើនឆ្នាំ និងដើម្បីការពារការប្រព្រឹត្តក្នុងសង្រ្គាមរបស់អ៊ីស្រាអែល។

អ៊ីស្រាអែលគឺជាអ្នកទទួលជំនួយយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ហើយលោក Netanyahu ទំនងជាជំរុញលោក Trump មិនឱ្យផ្អាកការចែកចាយអាវុធមួយចំនួនដូចដែលរដ្ឋបាលលោក Joe Biden ធ្លាប់បានធ្វើ ខណៈការផ្តល់សព្វាវុធផ្សេងទៀត និងការគាំទ្រផ្នែកយោធាទាំងមូលនៅតែបន្ត៕