ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់សារព័ត៌មាន Fox News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ (២៨ មករា) ថា អ៊ុយក្រែន ត្រូវការការធានាសន្តិសុខកាន់តែទូលំទូលាយ ហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនខ្លាចញញើតអឺរ៉ុបទេ ខណៈលោកបានជំរុញឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump ឈរនៅខាងអ៊ុយក្រែន។

លោក Trump ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានសន្យាថានឹងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ដោយមិនបានប្រាប់ថាធ្វើដូចម្ដេចឡើយ។ ជំនួយការលោក Trump បានបង្ហើបថាកិច្ចព្រមព្រៀងមួយអាចចំណាយពេលរាប់ខែ ខណៈមេដឹកនាំអាមេរិករូបនេះបានបង្ហាញពីឆន្ទៈក្នុងការនិយាយទៅកាន់លោក Putin អំពីការបញ្ចប់សង្រ្គាម។

លោក Zelenskiy បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយនៅយប់ថ្ងៃអង្គារថា "យើងចង់ឱ្យលោក Trump ឈរនៅខាងយុត្តិធម៌គឺនៅខាងអ៊ុយក្រែន ហើយលោក Putin មិនខ្លាចញ្ញើតអឺរ៉ុបសោះឡើយ"។ លោក Zelenskiy បន្ថែមថា អ៊ុយក្រែនមិនអាចទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីទេ ប៉ុន្តែខ្លួនពេញចិត្តចំពោះដំណោះស្រាយការទូត។
ការឈ្នះឆ្នោតរបស់លោក Trump ក្នុងខែវិច្ឆិកា បានជំរុញឱ្យមានក្តីសង្ឃឹមនៃដំណោះស្រាយការទូតមួយ ដើម្បីបញ្ចប់សង្រ្គាមទីក្រុងមូស្គូ លើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែក៏នាំឱ្យមានការភ័យខ្លាចនៅក្នុងទីក្រុងគីវថា កិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សអាចមានតម្លៃខ្ពស់ខ្លាំងសម្រាប់អ៊ុយក្រែន៕