អ្នកស្រុកដែលរងផលប៉ះពាល់ដោយចំហេះព្រៃ Palisades ដ៏ខ្លាំងក្លាក្នុងរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក បានសម្រុកទៅលំនៅឋានវិញកាលពីថ្ងៃអង្គារ (២៨ មករា) បន្ទាប់ពីទីបំផុតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញជាលើកដំបូងក្នុងរយៈពេល ៣សប្តាហ៍។

ជួរដ៏វែងនៃរថយន្តរបស់អ្នកស្រុក ត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរឆ្ពោះទៅតំបន់នានាដែលត្រូវបានជម្លៀស ដោយបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងវែង។
មន្ត្រីក្រុងបានផ្តល់សិទ្ធិចូលទៅកាន់តំបន់បំផ្លិចបំផ្លាញដោយចំហេះនេះកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែមានតែអ្នកស្រុកដែលមានភស្តុតាងនៃការស្នាក់នៅ និងការផ្ទៀងផ្ទាត់តម្រូវដោយមន្ត្រីអនុវត្តច្បាប់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបើកបរចូលទៅក្នុងតំបន់រងផលប៉ះពាល់នោះ។

ចាប់តាំងពីថ្ងៃទី០៧ ខែមករា មក នៅពេលដែលចំហេះធំពីរកន្លែងឈ្មោះថា Eaton និង Palisades ដ៏កាចសាហាវដែលបានបំផ្លាញទីក្រុង Los Angeles ភាគច្រើន នៅទីបំផុតក្រុមមន្ត្រីរដ្ឋកាលីហ្វ័រនីញ៉ាបាននិយាយថា បានស្ថិតនៅក្រោមការគ្រប់គ្រងកាន់តែខ្លាំងហើយ។ ចំហេះ Palisades បានដុតបំផ្លាញផ្ទៃដីជិត ១០.០០០ហិកតានៅទូទាំងតំបន់ភ្នំ Santa Monica និងទីប្រជុំជនប៉ាស៊ីហ្វិក Palisades និងភាគខាងកើត Malibu៕
