បុគ្គលិករថភ្លើងនៅប្រទេសអាហ្សង់ទីន បានចេញធ្វើកូដកម្មកាលពីថ្ងៃអង្គារ ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ជាងនេះ ជាចំណាត់ការមួយដែលត្រូវបានរិះគន់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Javier Milei ចំពោះការទុកឱ្យអ្នកដំណើរមួយលាននាក់ នៅជាប់គាំង។

សេវារថភ្លើងក្នុងតំបន់ និងប្រចាំតំបន់នៅទីក្រុង Buenos Aires ត្រូវបានផ្អាក ដោយការឈប់រយៈពេល៦ម៉ោង ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៣រសៀលម៉ោងក្នុងស្រុក ដែលកូដកម្មនេះដឹកនាំដោយសហជីព La Fraternidad ។

សហជីព បានប្រកាសការធ្វើកូដកម្មកាលពីថ្ងៃទី ២១ ខែមករា ដោយទាមទារប្រាក់ឈ្នួលខ្ពស់ជាងនេះ រួមជាមួយប្រាក់បន្ថែម១៤៥ដុល្លារ ប្រាក់បៀវត្សរ៍១០ភាគរយរបស់បុគ្គលិក ដើម្បីរ៉ាប់រងការចំណាយលើអាហារមូលដ្ឋាន និងទប់ការខាតបង់ជំរុញដោយអតិផរណា បណ្តាលមកពីកម្លាំងសម្រុកទិញខ្លាំងក្នុងតម្រូវការច្រើន ធ្វើឲ្យទំនិញឡើងថ្លៃ។
ក្រុមហ៊ុនរដ្ឋ បានចេញសេចក្តីថ្លែងការណ៍មួយថា កូដកម្មនឹងប៉ះពាល់ដល់អ្នកដំណើរប្រមាណមួយលាននាក់។ ក្រុមហ៊ុននិយាយថា «ដោយសារតែការធ្វើកូដកម្មនេះ វាត្រូវបានគេប៉ាន់ប្រមាណថា រដ្ឋនឹងខាតបង់ប្រាក់ជាង១០០លានប៉េសូ ក្នុងការចំណាយលើថ្លៃសំបុត្រធ្វើដំណើរសម្រាប់អ្នកដែលពុំអាចធ្វើដំណើរទៅបាន»។
បុគ្គលិករថភ្លើងកំពុងទាមទារការដំឡើងប្រាក់ឈ្នួល៤៦ភាគរយ ដើម្បីទប់ការខារបង់កម្លាំងសម្រុកទិញចាប់តាំងពីរដ្ឋាភិបាលរបស់ លោក Milei ចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០២៣ ខណៈអាជ្ញាធរបានផ្តល់ត្រឹមតែ៣,៥ភាគរយប៉ុណ្ណោះ។