បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានា ឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម ជូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព។
ជាក់ស្តែងកម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យ និងពង្រឹងការយាមល្បាតរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ បានមួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លើករណីបង្ករការអុកឡុកធ្វើឲ្យមានភាពវឹកវរក្នុងសង្គម។
បច្ចុប្បន្នជនសង្ស័យក្មេងទំនើង ទាំងអស់នេះ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕







