តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែកធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ដើម្បីពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន ៩ ឃុំ។
សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង ៩ ឃុំនេះមានផ្ទៃដីសរុបជាង ៤០០០ ហិកតាស្មើប្រមាណ ៣៥៨៧ គ្រួសារ។
ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង ២,០០០ ហិកតា តែប្រជាពលរដ្ឋធ្វើស្រែប្រាំងកើនឡើងដល់ ៤,០០០ ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍កាលពីពេលថ្មីៗនេះ។
ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវ ប្រកបដោយក្តីត្រេកអរ៕







