ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររយៈពេលបីថ្ងៃរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងដល់ ២៥នាក់ និង ១៦០នាក់ផ្សេងទៀត បានរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ក្រសួង បានរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និង ២៦នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ។
អ្នករងរបួសទាំងនោះ គឺនៅក្នុងភូមិចំនួន ៥ ស្ថិតនៅប៉ែកខាងកើតនៃភាគខាងត្បូងប្រទេសលីបង់ៈ ភូមិAdaisseh, Bani Hayyan, Burj Al-Muluk, Houla និង Kafr Kila។
ចាប់តាំងពីព្រឹកថ្ងៃអាទិត្យមក អ្នកស្រុកលីបង់រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅជាយក្រុងនៃភូមិព្រំដែនរបស់ពួកគេ ដោយដើរឆ្ពោះទៅផ្ទះសម្បែងរបស់ពួកគេដោយជិញរថយន្ត និងដោយថ្មើរជើង ដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពលីបង់ និងរបាំងដីដែលដាក់ដោយអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើជនស៊ីវិល ដែលវិល ត្រឡប់មកវិញ ដោយបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែន។
ការវិវឌ្ឍទាំងនេះ កើតឡើង ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងបន្តរវាងក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល ដែលបានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ។