ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក អាចធ្វើកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន ប៉ុន្តែបានច្រានចោលការនិយាយដោយផ្ទាល់ជាមួយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) ដែលលោកហៅថា «ខុសច្បាប់»។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានឆ្លើយតប ដោយនិយាយថា លោក ពូទីន «ភ័យខ្លាច» ការចរចា ហើយកំពុងប្រើ «កលល្បិច» ដើម្បីធ្វើឲ្យជម្លោះជិតបីឆ្នាំអូសបន្លាយពេលកាន់តែយូរថែមទៀត។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដាក់សម្ពាធលើភាគីទាំងពីរ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ដោយគំរាមកំហែងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី ខណៈពេលដែលអះអាងថា លោក ហ្សេឡិនស្គី ត្រៀមខ្លួនជាស្រេច ដើម្បីចរចាអំពី«កិច្ចព្រមព្រៀង»មួយ។
លោក ពូទីន បាននិយាយថា៖«ប្រសិនបើ (លោក ហ្សេឡិនស្គី) ចង់ចូលរួមក្នុងការចរចា ខ្ញុំនឹងបែងចែកមនុស្សឲ្យចូលរួម» ដោយហៅមេដឹកនាំអ៊ុយក្រែននេះថា «ខុសច្បាប់» ពីព្រោះអាណត្តិប្រធានាធិបតីរបស់ខ្លួន បានផុតកំណត់ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក។
លោកបានបន្ថែមថា៖«ប្រសិនបើមានបំណងចង់ចរចា និងស្វែងរកការសម្របសម្រួល សូមឲ្យអ្នកណាម្នាក់ដឹកនាំការចរចា នៅទីនោះ… តាមធម្មតា យើងនឹងខិតខំប្រឹងប្រែង ដើម្បីអ្វីដែលស័ក្តិសមនឹងយើង អ្វីដែលឆ្លើយតបនឹងផលប្រយោជន៍របស់យើង»។
លោក ហ្សេឡិនស្គី បាននិយាយថា មានឱកាសដើម្បីសម្រេចបាន «សន្តិភាពពិតប្រាកដ» ប៉ុន្តែថា ប្រមុខ វិមានក្រឹមឡាំង មានការខកចិត្តចំពោះការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានេះ។