រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងយោធារបស់ប្រទេស នឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដោយពុំមាន«ពេលវេលាកំណត់»។
លោក Katz បាននិយាយក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប៉ុស្តិ៍យោធា ដែលបង្កើតឡើងដោយអ៊ីស្រា អែល នៅលើកំពូលភ្នំ Hermonថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងនៅតែស្ថិតនៅលើភ្នំ Hermon និង នៅក្នុងតំបន់ទ្រនាប់ ដោយគ្មានការកំណត់ពេលវេលា» ។ លោកបានអះអាងថា វិធានការនេះ គឺមានគោលបំណង «ធានាសុវត្ថិភាពពលរដ្ឋអ៊ីស្រាអែល»។
លោកបាននិយាយថា៖«ខ្ញុំបានមកទីនេះ ដើម្បីធានាថា IDF ត្រូវបានរៀបចំយ៉ាងល្អ នៅក្នុងការការពារ និងការប្រើប្រាស់កម្លាំងសម្រាប់ការដាក់ពង្រាយរយៈពេលយូរ នៅប៉ុស្តិ៍យោធា Mount Hermon»។
លោក Katz បានបញ្ជាក់ថា អ៊ីស្រាអែលប្តេជ្ញារារាំងកងកម្លាំង ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងក្រុមផ្សេងទៀត ដែលមិនមែនជាសម្ព័ន្ធមិត្តជាមួយអ៊ីស្រាអែលពីការដណ្តើមកាន់កាប់ទីតាំងឈរជើង នៅភាគខាងត្បូងប្រទេសស៊ីរី។
លោកបានបន្ថែមថា៖«យើងនឹងមិនអនុញ្ញាតឲ្យកងកម្លាំងអរិភាពបង្កើតខ្លួនឯង នៅក្នុងតំបន់ទ្រនាប់ នៅភាគខាងត្បូងប្រទេសស៊ីរី ពីទីនេះ ទៅអ័ក្សទីក្រុង Suwayda និងទីក្រុង Damascus ហើយយើងនឹងមិនពឹងផ្អែកលើអ្នកដទៃសម្រាប់ការការពាររបស់យើងទេ»។ «យើងនឹងរក្សាទំនាក់ទំនងជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់ នៅក្នុងតំបន់នេះ ដោយសង្កត់ធ្ងន់លើសហគមន៍ជនជាតិភាគតិចDruzeដ៏ធំនោះ»។