បាល់ទាត់៖ ក្រុមជើងឯកពិភពលោក ៥សម័យសាំបាប្រេស៊ីលនឹងទទួលបានកៅអី World Cup ២០២២ ស្វ័យប្រវត្តិប្រសិនយកឈ្នះក្រុមកូឡុំប៊ីព្រឹកស្អែកនេះ។ ប្រេស៊ីលនឹងត្រូវទទួលកូឡុំប៊ីព្រឹកស្អែកនេះនៅកីឡដ្ឋាន Arena Corinthians ទីក្រុង Sao Paulo។

ក្រោយលេងបាន ១១ប្រកួតក្រុមរបស់លោក Tite ស្ទើរមានស្ថិតិឥតខ្ចោះទៅហើយដោយឈ្នះ ១០ប្រកួតស្មើ១ មិនដែលចាញ់ និងមានគំលាតពីកូឡុំប៊ីដែលជាក្រុមលេខ ៤ ដល់ទៅ ១៥ពិន្ទុ។ ក្រុមកំពូល ៤ នៅក្នុងវគ្គជំរុះនឹងមានកៅអីស្វ័យប្រវត្តិ ខណៈក្រុមលេខ ៥ មានឱកាស Play-Off អន្តរទ្វីប។ ប្រេស៊ីល និងអាហ្សង់ទីនដែលកំពុងឈរលេខ ១ និងលេខ ២ ក្នុងពូលប្រកួតបាន ១១លើកដូចគ្នា និងក្រៅពីនោះសុទ្ធតែ ១២លើកដែលមានន័យថា ក្រុមយក្សនៅអាមេរិកឡាទីនទាំង២ អាចធានាបានកៅអីស្វ័យប្រវត្តិត្រឹមសប្តាហ៍នេះប្រសិនឈ្នះរៀងខ្លួន។ អាហ្សង់ទីននឹងត្រូវទៅទឹកដីអ៊ុយរូហ្កាយនៅព្រឹកថ្ងៃសៅរ៍ ខណៈអ៊ុយរូហ្កាយកំពុងឈរលេខ ៥ ដែលជាតំណែង Play-Off៕
អត្ថបទ៖នាង សុភាវុធ