ដោយដកស្រង់ច្បាប់ចម្លងនៃការសម្រេចនេះ សារព័ត៌មាន New York Times (NY TIMES) កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) បានរាយការណ៍ថា រដ្ឋបាលរបស់លោក Donald Trump បានលុបចោលការពន្យារនៃការការពារការនិរទេសដែលរដ្ឋបាលមុន បានផ្តល់ដល់ប្រជាជនវេណេហ្ស៊ុយអេឡាជាង ៦០០.០០០នាក់រួចហើយ នៅសហរដ្ឋអាមេរិក។
បើយោងតាមសារ New York Times រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានលុបចោលចំណាត់ការរបស់រដ្ឋបាលលោក Joe Biden ក្នុងការផ្តល់រយៈពេលបន្ថែម ១៨ខែដល់ពលរដ្ឋវេណេហ្ស៊ុយអេឡាឲ្យរួចផុតពីការនិរទេស និងទទួលបានប័ណ្ណការងារ តាមរយៈកម្មវិធីស្ថានភាពការពារបណ្តោះអាសន្ន (TPS)។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump របស់គណបក្សសាធារណរដ្ឋ បានឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ដោយបានប្តេជ្ញាថា នឹងបង្រ្កាបលើកម្មវិធីអន្តោប្រវេសន៍ និងមនុស្សធម៌ដែលលោកនិយាយថា មានការអាណិតអាសូរពេកហួសពីដែនកំណត់ច្បាប់របស់សហរដ្ឋអាមេរិក។ លោក Trump បានព្យាយាមបញ្ចប់ការចុះឈ្មោះតាមកម្មវិធី TPS ភាគច្រើន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ប៉ុន្តែត្រូវបានរារាំងដោយតុលាការសហព័ន្ធ។
កម្មវិធី TPS មានសម្រាប់ប្រជាជនដែលប្រទេសកំណើតរបស់ពួកគេ បានជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ឬព្រឹត្តិការណ៍មិនធម្មតាផ្សេងទៀត។ អតីតប្រធានាធិបតី លោក Biden របស់គណបក្សប្រជាធិបតេយ្យ បានពង្រីកកម្មវិធីនេះកាន់តែធំឡើងៗ ហើយឥឡូវនេះ វាគ្របដណ្តប់លើចំនួនមនុស្សជាង ១លាននាក់ មកពី ១៧ប្រទេស៕

