លោក Vyacheslav Volodin ប្រធានសភារុស្ស៊ី (សភាជាន់ទាបរបស់រុស្ស៊ី) បាននិយាយថា ផែនការធ្វើឃាតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងការពិភាក្សាលើប្រធានបទនេះ គឺជាឧក្រិដ្ឋកម្ម និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខពិភពលោក។
លោក Volodin បានសរសេរនៅលើបណ្តាញ Telegram ថា៖«ផែនការធ្វើឃាត លោក ពូទីន គ្រាន់តែជាការពិភាក្សាអំពីឧក្រិដ្ឋកម្ម ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខពិភពលោក និងជាផ្លូវត្រង់ ទៅកាន់សង្រ្គាមនុយក្លេអ៊ែរ។ ស្ថាប័នអន្តរជាតិទាំងអស់ គួរតែចាត់ទុកផែនការនេះ ជាមូលដ្ឋានសម្រាប់ ការស៊ើបអង្កេត»។
លោកជឿជាក់ថា ចំពេលមានការប្រឈមមុខគ្នាដ៏ស្វិតស្វាញ នាពេលបច្ចុប្បន្ន សង្គមរុស្ស៊ី ចំាបាច់ត្រូវ «យល់ពីកម្រិតនៃបញ្ហាប្រឈម និងការគំរាមកំហែង ដែលយើងកំពុងជួបប្រទះ ហើយដូច្នេះត្រូវយល់ពីការទទួលខុសត្រូវរបស់ពួកគេដែរ»។
យោងតាមលោក Tucker Carlson ជាអ្នកអត្ថាធិប្បាយនយោបាយអាមេរិក បានឲ្យដឹងថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) បានពិចារណាធ្វើឃាតលោក ពូទីន។ អ្នកកាសែតរូបនេះ បាននិយាយថា ជាទូទៅ អាជ្ញាធរអាមេរិក មានបំណងធ្វើការប្រឈមមុខដាក់គ្នាដែលបង្កគ្រោះថ្នាក់ដ៏ខ្លាំងបំផុត ជាមួយទីក្រុងមូស្គូ។ ជាពិសេស អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុង «ជំរុញយ៉ាងខ្លាំងដើម្បីឲ្យមានសង្រ្គាមពិតប្រាកដ» រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងតំណែងរយៈពេលពីរខែចុង ក្រោយរបស់លោក។