ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្ត្រីស៊ីរី ទីភ្នាក់ងារព័ត៌មានរុស្ស៊ី កាលពីល្ងាចថ្ងៃអង្គារ (ទី២៨ ខែមករា) បានរាយការណ៍ថា ប្រទេសរុស្ស៊ី និងស៊ីរី នឹងពិភាក្សាគ្នាបន្ថែម ជុំវិញបញ្ហាមូលដ្ឋានយោធារុស្ស៊ី នៅប្រទេសស៊ីរី។
ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សម្តីលោក Bogdanov ដែលបានប្រាប់អ្នកសារព័ត៌មានថា៖ «បញ្ហានេះតម្រូវឲ្យមានការចរចាបន្ថែម»។ លោក Bogdanov កំពុងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកាន់ទីក្រុងដាម៉ាសជាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ត្រូវបានទម្លាក់ពីអំណាច។

លោកអនុរដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្តូរវត្តមានមូលដ្ឋានយោធារុស្ស៊ី ក្នុងប្រទេសនេះទេ។
គួរបញ្ជាក់ថា រុស្សីដែលបានផ្តល់ជម្រកភៀសខ្លួន សម្រាប់លោក Assad និងជួយលោកខាងផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ក្រុមឧទ្ទាមអស់ជាច្រើនឆ្នាំ មុនពេលរបបរបស់លោកដួលរលំ កំពុងសង្ឃឹមថា នឹងរក្សាបាននូវមូលដ្ឋានចំនួន ២ របស់ខ្លួន នៅស៊ីរី ដែលមូលដ្ឋានទ័ពជើងទឹកមានទីតាំងនៅទីក្រុង Tartous និងមូលដ្ឋានទ័ពអាកាស Hmeimim នៅជិតទីក្រុងកំពង់ផែ Latakia។
រដ្ឋបាលកាន់អំណាចថ្មីរបស់ស៊ីរី នៅថ្ងៃពុធ (ទី២៩ ខែមករា) នេះ បានឲ្យដឹងថា ភាគីទាំង២ បានចូលរួមក្នុងការពិភាក្សា អំពីយន្តការយុត្តិធម៌អន្តរកាលដែលមានគោលបំណងធានានូវគណនេយ្យភាព និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃសង្គ្រាមដ៏ឥតមេត្តធម៌ដែលបង្កឡើងដោយរបបរបស់លោក Assad៕

