ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ទៅដល់អ្នកមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន។
ក្នុងសេចក្តីជូនដំណឹង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ដែលចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជន ដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBET) ក្នុងគម្រោងពលករជំនាញ ក្នុងនោះមានខាងផ្នែកកសិកម្ម និងផ្នែកការងារនៅភោជនីយដ្ឋាន។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសា គឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។
ដោយឡែក ឯកសារចាំបាច់ដែលត្រូវយកមកជាមួយ មានដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។ ចំពោះតម្លៃសេវានៃការចុះឈ្មោះធ្វើតេស្ត មានតម្លៃ ៣៣ដុល្លារអាម៉េរិក៕
អត្ថបទ៖ បូរ៉ាវី
