វិហារសាសនាគ្រិស្តនិកាយកាតូលិក និងប្រូតេស្តង់ នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) បានរិះគន់ផែនការរបស់គណបក្សប្រឆាំងអភិរក្សនិយម ដែលចង់បង្រ្កាបជនអន្តោប្រវេសន៍ ដោយពួកគេបានលើកឡើងថា ការធ្វើបែបនេះអាចបំពាននឹងអនុសញ្ញា ដែលនាំឲ្យភាគីនយោបាយសំខាន់ៗមិនសហការជាមួយក្រុមស្តាំនិយមជ្រុល។
នៅក្នុងលិខិតរួមមួយផ្ញើទៅសភាដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ អ្នកតំណាងនៃព្រះវិហារទាំង២ បានរៀបរាប់ថា៖ «ពេលវេលា និងសំឡេងនៃការជជែកដេញដោលនាពេលនេះ ហាក់ដូចជាមានភាពចម្លែកយ៉ាងខ្លាំង សម្រាប់ពួកយើង។ វាហាក់ដូចជាបង្ខូចកេរ្តិ៍ឈ្មោះជនអន្តោប្រវេសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ បង្កើនការរើសអើង ហើយតាមគំនិតរបស់យើង ការធ្វើបែបនេះមិនរួមចំណែកក្នុងការដោះស្រាយបញ្ហាពិតប្រាកដនោះទេ»។

គួរបញ្ជាក់ថា មេដឹកនាំប្លុកអភិរក្ស CDU/CSU របស់អាល្លឺម៉ង់ គឺលោក Friedrich Merz ដែលកំពុងនាំមុខក្នុងការស្ទង់មតិ នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកុម្ភៈ គ្រោងស្នើផែនការ ដើម្បីរឹតបន្តឹងអន្តោប្រវេសន៍ ដែលអាចទទួលបានការអនុម័ត ដោយមានជំនួយពីក្រុមស្តាំនិយមជ្រុល គឺគណបក្សជម្រើសផ្សេងទៀត សម្រាប់អាល្លឺម៉ង់ (AfD)។
គណបក្ស AfD ដែលមានទស្សនៈប្រឆាំងអន្តោប្រវេសន៍ និងប្រឆាំងឥស្លាម ត្រូវបានសេវាសន្តិសុខអាល្លឺម៉ង់ដាក់ឈ្មោះថា ជាក្រុមជ្រុលនិយមប្រកាន់ស្តាំនិយមជ្រុល ប៉ុន្តែបច្ចុប្បន្នកំពុងឈរនៅទី២ នៅក្នុងការស្ទង់មតិទូទាំងប្រទេស មុនការបោះឆ្នោតនាពេលខាងមុខនៅក្នុងប្រទេស ជាកន្លែងដែលការពិភាក្សា ស្តីពីអន្តោប្រវេសន៍ កាន់តែឡើងកម្ដៅខ្លាំងទៅៗ បន្ទាប់ពីមានការវាយប្រហារដោយហិង្សាជាច្រើនដោយជនសង្ស័យជាជនបរទេស៕


