ការពិភាក្សាថវិការបស់បារាំង បានទៅកៀកនឹងដំណាក់កាលដួលរលំហើយ នៅថ្ងៃពុធ (ទី២៩ ខែមករា) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមន្ត្រីខាងគណបក្សសង្គមនិយម បានផ្អាកការចូលរួមរបស់ពួកគេ ដើម្បីបង្ហាញការតវ៉ា ពាក់ព័ន្ធនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រី អំពីអន្តោប្រវេសន៍។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ កាលពីថ្ងៃទី២៧ ខែមករា នាយករដ្ឋមន្ត្រី លោក Francois Bayrou បាននិយាយសំដៅពីការមាន «អារម្មណ៍ដូចត្រូវបានគំរាមកំហែង» ដោយជនអន្តោប្រវេសន៍ ពោលគឺលោកចង់មានន័យថា ប្រទេសនេះមានជនអន្តោប្រវេសន៍រស់នៅយ៉ាងច្រើនលើសលប់។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Sud នៅថ្ងៃទី២៩ ខែមករា សមាជិកសភាបក្សសង្គមនិយមដែលចូលរួមក្នុងកិច្ចពិភាក្សាថវិកានេះ គឺលោក Philippe Brun បាននិយាយថា៖ «យើងបានផ្អាកចូលរួមក្នុងកិច្ចពិភាក្សានេះ ដោយសារពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រី មិនមានសេចក្តីថ្លៃថ្នូរ»។
តែយ៉ាងណាក្ដី លោក Brun បានប្រាប់បន្ថែមថា លោកសង្ឃឹមថា ការពិភាក្សានឹងចាប់ផ្តើមឡើងវិញ។ ប្រសិនបើគ្មានការគាំទ្រពីក្រុមសង្គមនិយម លោក Bayrou ប្រហែលជាមិនមានការគាំទ្រគ្រប់គ្រាន់ ដើម្បីជំរុញថវិការបស់លោក និងចាត់វិធានការកាត់បន្ថយឱនភាព តាមការអំពាវនាវពីមន្ត្រីសហភាពអឺរ៉ុបនោះឡើយ។
លោក Bayrou ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីខែធ្នូឆ្នាំមុន ហើយកំពុងប្រឹងប្រែងគេចឲ្យផុតពីជោគវាសនាមិនល្អដូចអ្នកកាន់តំណែងមុនរបស់លោក គឺលោក Michel Barnier។ អ្នកនយោបាយពីក្រុមឆ្វេងនិយម និងស្តាំនិយម បានរួមគ្នាផ្តួលរំលំរដ្ឋាភិបាលរបស់លោក Barnier នៅពេលដែលលោកព្យាយាមឲ្យទទួលបានការអនុម័តថវិកា ដែលសមាជិកសភា បានលើកឡើងថា បានទៅឆ្ងាយហួសពីការប៉ុនប៉ងកាត់បន្ថយការចំណាយជ្រុលពេក៕