មីយ៉ាន់ម៉ា៖ បាតុករមួយក្រុមតូចបានចេញប្រមូលផ្តុំគ្នានៅក្នុងទីក្រុងយ៉ាងហ្គោនកាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យធ្វើពហិការប្រព័ន្ធអប់រំក្រោមរដ្ឋាភិបាលយោធាដែលបានបណ្ដេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែងកាលពីដើមឆ្នាំនេះ។ បន្ទាប់ពីការឡើងកាន់អំណាចរបស់យោធាកាលពីខែកុម្ភៈ រដ្ឋាភិបាលយោធាបានលុបចោលជាផ្លូវការនូវលទ្ធផលបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ នៅថ្ងៃទី២៧ ខែកក្កដា ហើយបានបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតថ្មីមួយ ដើម្បីទទួលបន្ទុកការបោះឆ្នោត។

របបសឹកបានអះអាងថា ជ័យជម្នះក្នុងការបោះឆ្នោតទទួលបានសំឡេងគាំទ្រច្រើនលើសលុបរបស់លោកស្រី ស៊ូជី ត្រូវបានទទួលតាមរយៈការលួចបន្លំសន្លឹកឆ្នោតដ៏ច្រើន ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយគួរឲ្យទុកចិត្តឡើយ។ កាលពីថ្ងៃពុធក្រុមអ្នកតវ៉ាបានលើកស្លាកសញ្ញា និងបានស្រែកស្រុះៗគ្នា "យើងត្រូវតែឈ្នះ" ខណៈកំពុងឈរក្បែរកន្លែងដុតសំបកកង់រថយន្តនៅតាមផ្លូវ។ ចាប់តាំងពីការឡើងកាន់អំណាចមក ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាសមាជិកអាស៊ានមួយនេះបានទទួលរងភាពវឹកវរ ដោយការធ្វើបាតុកម្មដោយស្ងប់ស្ងាត់ប្រឆាំងនឹងមេទ័ពដែលកំពុងកាន់អំណាច បានឈានទៅដល់ការបះបោរកម្រិតទាបនៅក្នុងតំបន់ទីក្រុងជាច្រើន បន្ទាប់ពីកងកម្លាំងសន្តិសុខបានប្រើប្រាស់កម្លាំងដ៏ព្រៃផ្សៃ ហើយបន្ទាប់មកចូលទៅក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាបន្ថែមទៀតនៅក្នុងតំបន់ជនបទមួយចំនួន។ យោងតាមសមាគមជួយអ្នកទោសនយោបាយឲ្យដឹងថា កងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលជាង ១,២០០នាក់៕
អត្ថបទ៖ សុខមាន