សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) នៅថ្ងៃពុធ (ទី២៩ ខែមករា) នេះ បានប្រកាសពីការចាកចេញពីប្លុកជាផ្លូវការនៃប្រទេសម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ ដែលសុទ្ធតែជាប្រទេសដឹកនាំដោយរបបយោធា បន្ទាប់ពីពួកគេបានប្រកាសដកខ្លួន កាលពីឆ្នាំមុន។
អាហ្រ្វិកខាងលិច ត្រូវបានជួបប្រទះនឹងភាពរំជើបរំជួលដោយការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ ដែលធ្វើឲ្យបណ្ដាប្រទេសនៅក្នុងស្ថាប័នមានសមាជិកចំនួន ១៥ប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
ECOWAS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការដកខ្លួនរបស់ប្រទេសប៊ួគីណាហ្វសូ សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋនីហ្សេ បានចូលជាធរមានហើយ នៅថ្ងៃនេះ គឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥»។
គួររំលឹកថា រដ្ឋទាំង៣ បានប្រកាសដកខ្លួនចេញពីប្លុក កាលពីខែមករា ឆ្នាំមុន បន្ទាប់ពី ECOWAS បានទាមទារឲ្យមានការស្ដារឡើងវិញនូវការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនីហ្សេ បន្ទាប់ពីមានរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០២៣។
ជំនួសមកវិញ រដ្ឋផ្តាច់ខ្លួនទាំង៣ បានបង្កើតសម្ព័ន្ធភាពរដ្ឋ Sahel ដែលជាប្លុកថ្មីរបស់តំបន់ ហើយបានចាប់ផ្តើមដំណើរការលិខិតឆ្លងដែនជីវមាត្រផ្ទាល់ខ្លួនរបស់ប្រទេសទាំង៣៕