មនុស្សយ៉ាងហោចណាស់ជិត ៤០នាក់ បានបាត់បង់ជិវិត នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នាព្រឹកព្រលឹមថ្ងៃពុធ (ទី២៩ ខែមករា) នេះ នៅឯពិធីបុណ្យ Kumbh Mela របស់ប្រទេសឥណ្ឌា ខណៈដែលអ្នកគោរពបូជាសាសនាហិណ្ឌូ រាប់លាននាក់ បានប្រមូលផ្តុំគ្នា ដើម្បីងូតទឹកតាមប្រពៃណីសាសនា នៅឯកន្លែងប្រសព្វនៃទន្លេដ៏ពិសិដ្ឋចំនួន៣។
ប្រភពពីនគរបាលចំនួន ៣នាក់ បានប្រាប់សារព័ត៌មាន Reuters ថា សពត្រូវបានគេនាំយកទៅកន្លែងបញ្ចុះរបស់មន្ទីរពេទ្យ ក្បែរកន្លែងប្រារព្ធពិធីបុណ្យ។
គួរបញ្ជាក់ថា ហេតុការណ៍ប្រជ្រៀតជាន់គ្នា នាមុនថ្ងៃរះ បានកើតឡើងប្រហែល ១គីឡូម៉ែត្រពីចំណុចប្រសព្វដែលទន្លេ Ganges ទន្លេ Yamuna និងទន្លេតាមទវកថា Saraswati ជួបគ្នា ក្នុងទីក្រុង Prayagraj។ សាក្សីបានរាយការណ៍ពីទិដ្ឋភាពចលាចល ខណៈក្រុមមនុស្សដ៏ណែនណាន់តាន់តាប់ បាននាំគ្នារុញទៅមុខ ដោយបណ្ដាលឲ្យមនុស្សដែលកំពុងសម្រាក ឬអង្គុយនៅតាមមាត់ទន្លេត្រូវបានជាន់ពីលើ។
យ៉ាងណាក្ដី រហូតមកទល់ពេលនេះ ទាំងរដ្ឋបាលលោក Narendra Modi និងរដ្ឋាភិបាលប្រចាំរដ្ឋ មិនទាន់បានបញ្ចេញតួលេខអ្នកស្លាប់ជាផ្លូវការនៅឡើយទេ។ ឥឡូវនេះ អាជ្ញាធរកំពុងប្រឈមនឹងការត្រួតពិនិត្យ ជុំវិញវិធានការគ្រប់គ្រងហ្វូងមនុស្ស ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តធ្វើ។
ថ្ងៃពុធនេះ ជាថ្ងៃងូតទឹកដ៏សំខាន់មួយ ដោយក្រុមមន្ត្រីបានរំពឹងទុកថា នឹងមានអ្នកចូលរួមចំនួន ១០០លាននាក់ នៅឯកន្លែងធម្មយាត្រា។
ពិធីបុណ្យ Maha Kumbh Mela (មហាគុម្ភ មេលា) ដែលធ្វើឡើងរៀងរាល់ ១២ឆ្នាំម្តង បានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមករា ដោយមនុស្សជាង ៤០០លាននាក់ ត្រូវបានរំពឹងថា នឹងមកចូលរួម មុនពេលពិធីបុណ្យរយៈពេល ៦សប្តាហ៍នេះ we ត្រូវបានបញ្ចប់៕


