គណៈកម្មការដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល នៅថ្ងៃពុធ (ទី២៩ ខែមករា) នេះ បានឲ្យដឹងថា ប្រទេសស៊ុយអែតអាចបញ្ជូនឧក្រិដ្ឋជន ដើម្បីឲ្យពួកគេអនុវត្តទោសនៅក្នុងពន្ធនាគារក្រៅបរទេស ខណៈដែលប្រទេសនេះ កំពុងជួបការលំបាក ក្នុងការដោះស្រាយលំហូរនៃអ្នកទោសថ្មីដែលកើនឡើងដោយសារឧក្រិដ្ឋកម្មជាបន្តបន្ទាប់របស់ក្រុមអន្ធពាល។
អមដោយការនិយាយថា ប្រទេសស៊ុយអែតបានពិភាក្សារួចហើយជាមួយប្រទេសផ្សេងទៀត អំពីការជួលកន្លែងនៅក្នុងពន្ធនាគាររបស់ពួកគេ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Gunnar Strommer បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ចាំបាច់ត្រូវធ្វើការលើដំណោះស្រាយថ្មី នៅក្នុងពន្ធនាគារ និងសេវាព្យួរទោសមានលក្ខខណ្ឌ»។
គួរបញ្ជាក់ថា ស៊ុយអែតត្រូវបានញាំញីដោយឧក្រិដ្ឋកម្មរបស់ក្រុមអន្ធពាលដែលបានកើនឡើង ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយបានឃើញថា ប្រទេសអឺរ៉ុបខាងជើងមួយនេះ ឈរនៅចំណាត់ថ្នាក់លើគេនៃការមានអំពើហិង្សាដោយកាំភ្លើងបង្ហូរឈាម ក្នុងមនុស្សម្នាក់ៗ នៅទ្វីបអឺរ៉ុប។
ខណៈពេលដែលទទួលបានជោគជ័យ ក្នុងការធ្វើឲ្យមានការថយចុះនូវអំពើហិង្សា និងមានការផ្ដន្ទាទោសបន្ថែម ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ វាបានធ្វើឲ្យប្រព័ន្ធពន្ធនាគារមានភាពតានតឹង។ នៅឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយបង្អស់ជាប់ជាកំណត់ត្រា តុលាការស៊ុយអែតបានកាត់ទោសដាក់ពន្ធនាគាររយៈពេលសរុបមិនក្រោម ២០០.០០០ខែនោះទេ ពោលគឺកើនឡើង ២៥ភាគរយ ធៀបនឹងឆ្នាំមុននោះ ហើយកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៤។
មន្ទីរឃុំឃាំង និងពន្ធនាគាររបស់ប្រទេសស៊ុយអែត មានអ្នកទោសពេញ ហើយពន្ធនាគារ និងសេវាព្យួរទោសមានលក្ខខណ្ឌ ឲ្យដឹងថា ខ្លួននឹងត្រូវការគ្រែប្រហែល ២៧.០០០គ្រែ នៅឆ្នាំ២០៣៣ ដោយកើនឡើងពីចំនួន ១១.០០០គ្រែ សព្វថ្ងៃនេះ៕

