ចំណាប់ខ្មាំងអ៊ីស្រាអែលឈ្មោះ Gadi Moses, Arbel Yehud និង Agam Berger នឹងត្រូវដោះលែងពីដែនដីហ្កាហ្សានៅថ្ងៃព្រហស្បតិ៍ ៣០ មករានេះ ជាផ្នែកមួយនៃការដោះដូរចំណាប់ខ្មាំងអ្នកទោសទីបីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ត្រៀមដោះលែងពលរដ្ឋថៃ ៥ នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយ។

យោងតាមអ៊ីស្រាអែល ចំណាប់ខ្មាំង Yehud ក្នុងនាមជាស្ត្រី និងជាជនស៊ីវិល គួរតែត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងការដោះដូររលើកទីពីរក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចូលជាធរមានថ្មីៗនេះនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

នៅពេលស្ត្រីរូបនោះពុំបានបង្ហាញខ្លួន រដ្ឋាភិបាលអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថាបានរំលោភលើកិច្ចព្រមព្រៀង ហើយជាការសងសឹក អ៊ីស្រាអែល បានរារាំងប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដែលភៀសខ្លួនពីសង្រ្គាមមិនឲ្យវិលត្រឡប់ទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាវិញ។
កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បន្ទាប់ពីការសន្យារបស់ហាម៉ាសដោះលែង ចំណាប់ខ្មាំង Yehud និងចំណាប់ខ្មាំងផ្សេងទៀតក្នុងសប្តាហ៍នេះ អ៊ីស្រាអែលក៏បានបញ្ឈប់ការរារាំង។
ក្រុមតស៊ូមតិអ្នកទោសប៉ាឡេស្ទីនបាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែល នឹងដោះលែងអ្នកទោសចំនួន ១១០ នាក់ រួមទាំងអនីតិជនចំនួន ៣០ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាផ្នែកមួយនៃការដោះដូរក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សាដែលបានព្រមព្រៀងជាមួយក្រុមហាម៉ាស៕