ការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រជាជនប៉ាឡេស្ទីនជាង៥០០.០០០នាក់ ដែលបានភៀសខ្លួនពីសង្រ្គាម បានវិលត្រឡប់ទៅតំបន់ហ្កាហ្សា ភាគខាងជើងវិញ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្តេជ្ញាកាលពី ១៥ ខែមុនថា អ៊ីស្រាអែលនឹងសម្រេចបាន ជ័យជម្នះទាំងស្រុង ក្នុងសង្គ្រាមនៅដែនដីហ្កាហ្សា ដោយលុបបំបាត់ក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំងទាំងអស់។ កាលពីខែមករាឆ្នាំ២០២៥នេះ អ៊ីស្រាអែលនិងក្រុមហាម៉ាស បានព្រមព្រៀងបទឈប់បាញ់និងដោះដូរចំណាប់ខ្មាំង ទន្ទឹមនឹងជនជាតិអ៊ីស្រាអែលជាច្រើនមានមន្ទិល។

មិនត្រឹមតែក្រុមហាម៉ាសនៅដដែលនោះទេ ផ្ទុយទៅវិញ ក៏ពុំមានការធានាថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងពិតប្រាកដអំពីសមត្ថភាពរបស់លោក Netanyahu ក្នុងការបំពេញតាមការសន្យារបស់លោក គឺការវិលត្រឡប់របស់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ទៅផ្ទះសម្បែងរបស់ពួកគេវិញ នៅភាគខាងជើងហ្កាហ្សាក្នុងសប្តាហ៍នេះ។

ការសម្រុកទៅកាន់លំនៅឋានរងការបំផ្លាញដោយគ្រាប់បែក នៅក្នុងដែនដីរងការឡោមព័ទ្ធនេះ នឹងធ្វើឱ្យមានការលំបាកសម្រាប់អ៊ីស្រាអែលក្នុងការចាប់ផ្តើមសង្រ្គាមឡើងវិញបំណងកម្ទេសសមត្ថភាពក្រុមហាម៉ាស ប្រសិនបើភាគីទាំងពីរបរាជ័យក្នុងការបន្តបទឈប់បាញ់លើសពីដំណាក់កាលដំបូងរយៈពេល៦សប្តាហ៍នេះ។
លោក Ofer Shelah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិ នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បាននិយាយថា គ្មានការបន្តសង្រ្គាមឡើងវិញទេ។ តើយើងនឹងធ្វើអ្វីឥឡូវនេះ? យើងត្រូវបណ្ដេញប្រជាជនហ្កាហ្សាទៅភាគខាងត្បូងម្តងទៀតមែនទេ?។លោកថាគ្មានការទទួលជ័យជម្នះទាំងស្រុងក្នុងសង្គ្រាមនេះទេ៕