ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ អំពាវនាវដល់អ្នកសេសសល់ រស់នៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមបណ្តាទីតាំងចំនួន៤២ ក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ (ស្ត្រីដែលទើបនឹងសម្រាលកូនរួច ប្រជាពលរដ្ឋដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ឬ អ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ) ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។
សូមអំពាវនាវដល់ អ្នកសេសសល់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩។ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវចាក់ដូសទី២ ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះថាការចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃនេះ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាតត្បាតមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក្រៅពីបើកចាក់វ៉ាក់សាំងដល់អ្នកសេសសល់ និងដូសជំរុញ ក៏ កំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុ០៥ឆ្នាំ សម្រាប់ដូសទី១ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែវិចិ្ឆកា ដល់ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕
អត្ថបទ រដ្ឋា