ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Felix Tshisekedi បានប្តេជ្ញា កាលពីថ្ងៃពុធ ទី២៩ ខែមករា ថា នឹងឆ្លើយតបដើម្បីយកទឹកដីមកវិញ ដែលត្រូវបានដណ្តើមយកដោយក្រុមឧទ្ទាម M23 ជាក្រុមដែលបានរឹបអូសទីក្រុង Goma ភាគខាងកើត កាលពីដើមសប្តាហ៍នេះ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Tshisekedi បានចោទប្រកាន់ប្រទេសរ៉្វាន់ដា ពីការគាំទ្រការបះបោររបស់ក្រុម M23 ដែលលោកបានចាត់ទុកថាជា «ក្រុមភេរវកម្ម» ។
លោកប្រធានាធិបតី បាននិយាយថា លោកបានកោះប្រជុំបន្ទាន់ជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា ដើម្បីវាយតម្លៃស្ថានភាព និងរៀបចំផែនការប្រឆាំង។

កាលពីព្រឹកថ្ងៃពុធ ទាហានស៊ីឈ្នួលបរទេសជិត ៣០០នាក់ដែលត្រូវបានជួលដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានចុះចាញ់ក្រុមឧទ្ទាម។
ពួកគេត្រូវបានជួលឱ្យជួយពង្រឹងកងទ័ពដែលមានប្រាក់ខែតិច និងពុំមានសណ្តាប់ធ្នាប់នៅក្នុងប្រទេសកុងហ្គោ ប៉ុន្តែដោយការសម្របសម្រួលមានកម្រិត បានធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ។