ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យស៊ើបអង្កេតលើមូលហេតុប្រជ្រៀតជាន់គ្នានៅឯពិធីបុណ្យ មហា កុម្ភ មេឡា (Maha Kumbh mela)នៃសាសនាហិណ្ឌូ ឬហៅថា ពិធីបុណ្យឆ្នាំងទឹកអម្រិត (Great Pitcher Festival) ដ៏ធំបំផុតរបស់ពិភពលោក ដែលបានសម្លាប់អ្នកកាន់សាសនាប្រមាណ៤០ នាក់កាលពីថ្ងៃពុធ សប្ដាហ៍នេះ ខណៈមនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នាសម្រាប់ ពិធីងូតទឹក នៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ ដែលជាផ្នែកនៃព្រឹត្តិការណ៍រយៈពេលប្រាំមួយសប្តាហ៍។

នគរបាលបាននិយាយថាមនុស្សប្រមាណ៤០នាក់បានស្លាប់ក្នុងពេលប្រជ្រៀតគ្នានៅឯការជួបជុំមនុស្សជាតិដ៏ធំបំផុតរបស់ពិភពលោក និង៩០នាក់បានរងរបួស ប៉ុន្តែប្រភពបានប្រាប់សារព័ត៌មាន Reuters ចំនួនអ្នកស្លាប់ត្រឹមជិត៤០នាក់ ។

អ្នកឃើញហេតុការណ៍ដ៏រន្ធត់នេះបាននិយាយថា ការសម្រុកទាំងបង្ខំទៅទន្លេ ជាដើមចមបណ្តាលឱ្យអ្នកកាន់សាសនាដួលលើគ្នា ខណៈអ្នកផ្សេងទៀតបាននិយាយថាការបិទផ្លូវទៅកាន់ទន្លេ បានធ្វើឱ្យហ្វូងមនុស្សរាប់លាននាក់ ជាប់គាំងនៅនឹងកន្លែង និងបណ្តាលឱ្យមនុស្សដួលដោយសារតែការថប់ដង្ហើម។

នាយករដ្ឋមន្រ្ដីប្រចាំរដ្ឋ ឧតា ប្រទេស (Uttar Pradesh) លោក Yogi Adityanath បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធថា រដ្ឋាភិបាលបានសម្រេចថា ការស៊ើបអង្កេតរបស់តុលាការអំពីឧបទ្ទវហេតុនេះនឹងត្រូវធ្វើឡើង។
មន្ត្រីបាននិយាយថា នៅថ្ងៃពុធតែមួយថ្ងៃប៉ុណ្ណោះ មនុស្សជាង៧៦លាននាក់បានចុះមុជទឹកនៅចំណុចប្រសព្វខ្សែទឹកហូរនៃទន្លេពិសិដ្ឋចំនួនបីនៅទីក្រុង Prayagraj ក្នុងរដ្ឋឧតា ប្រទេស ភាគខាងជើងរហូតដល់ម៉ោង ៨ យប់។
មនុស្សជិត២៨០ លាននាក់បានចូលរួមពិធីបុណ្យនេះចាប់តាំងពីបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន រួមទាំងក្រុមរដ្ឋមន្ត្រីសហព័ន្ធ ម្ចាស់ឧស្សាហកម្ម និងតារាល្បី៕