បណ្ដាមន្ត្រីលោកខាងលិចបានព្រមានអ៊ុយក្រែនថា ជម្លោះកាន់តែកើនឡើងរវាងរដ្ឋមន្ត្រីការពារជាតិ និងប្រធានលទ្ធកម្មនៃការទិញលក់សព្វាវុធ អាចបំផ្លាញទំនុកចិត្តនៅក្នុងប្រទេស ហើយបានជំរុញឱ្យរដ្ឋាភិបាលដោះស្រាយស្ថានការណ៍នេះឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យរំខានដល់ការផ្គត់ផ្គង់អាវុធ។

ជម្លោះនោះបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារលទ្ធកម្មការពារជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីបន្តកិច្ចសន្យាលោកស្រីនាយក Maryna Bezrukova សម្រាប់ពេលមួយឆ្នាំទៀត ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានបដិសេធមិនបន្តកិច្ចសន្យា ហើយបានចោទលោកស្រីថាធ្វើមិនបានល្អ និងបរាជ័យក្នុងការផ្តល់អាវុធ និងគ្រាប់រំសេវដល់កងទ័ពជួរមុខ។

គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់អ៊ុយក្រែន ការសម្រេចរបស់លោក Umerov ក្នុងការបន្តបណ្តេញលោកស្រី Bezrukova ពីតំណែងក្រោមលក្ខខណ្ឌបែបនេះគឺជារឿងខុសច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះកាលពីថ្ងៃចន្ទសប្ដាហ៍នេះ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឯកអគ្គរដ្ឋទូតនានាដែលតំណាងឱ្យក្រុមប្រទេសទាំងប្រាំពីរ បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងគីវ ដោះស្រាយស្ថានការណ៍នេះ "ឱ្យបានឆាប់ និងផ្តោតលើការរក្សាលទ្ធកម្មការពារជាតិឱ្យដំណើរការ" ។

ភាពតានតឹងនេះកើតឡើងនៅពេលវេលាដ៏រសើបផ្នែកនយោបាយសម្រាប់អ៊ុយក្រែន ខណៈថ្នាក់ដឹកនាំរបស់ប្រទេសកំពុងតាមដានយ៉ាងអន្ទះសារចំពោះចំណាត់ការបន្ទាប់របស់រដ្ឋបាលអាមេរិកថ្មី និងខណៈដែលទាហានអ៊ុយក្រែន បន្តប្រឈមមុខនឹងបញ្ហាក្នុងការទប់ទល់ជួរមុខនៅភាគខាងកើត ស្របពេលមានការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី៕