ឧប្បត្តិហេតុដែលយន្តហោះមកពីទីក្រុង Wichita បានបុកជាមួយឧទ្ធម្ភាគចក្រយោធានៅជិតទីក្រុងវ៉ាស៊ីនតោន ហើយបានចុះចតចូលក្នុងទន្លេ Potomac កាលពីថ្ងៃពុធ (២៩ មករា) បានធ្វើឱ្យសមាជិកសភាអាមេរិក ជាពិសេសនៅរដ្ឋ Kansas មានការភ្ញាក់ផ្អើល និងសម្រុកទៅប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចែករំលែកព័ត៌មាន និងផ្តល់ការបួងសួង និងអធិស្ឋានរបស់ពួកគេ។

អភិបាលក្រុង Wichita លោកស្រី Lily Wu លើកឡើងថា "ទើបតែបានទទួលការហៅទូរសព្ទពីអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលបានបញ្ជាក់ពីឧប្បត្តិហេតុនោះ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតនៅឡើយ។ យើងសូមបួងសួងដល់អ្នកនៅក្នុងហេតុការណ៍នោះទាំងអស់ឱ្យមានសុត្ថិភាព"។

អភិបាលរដ្ឋ Kansas លោកស្រី Laura Kelly និយាយថា "យើងបានដឹងពីហេតុការណ៍យន្តហោះនៅអាកាសយានដ្ឋានជាតិ Reagan នោះ ហើយយើងកំពុងទាក់ទងយ៉ាងសកម្មជាមួយអាជ្ញាធរ។ សូមបួងសួងដល់អ្នកនៅលើយន្តហោះទាំងអស់ ហើយយើងនឹងចែករំលែកព័ត៌មានបន្ថែមទៀត"។

អ្នកនយោបាយផ្សេងទៀតក៏បានសម្ដែងក្ដីបារម្ភ និងបួងសួងដល់អ្នកនៅក្នុងគ្រោះថ្នាក់នោះផងដែរ។ គួរបញ្ជាក់ថា យន្តហោះក្នុងតំបន់មកពីរដ្ឋ Kansas ដឹកអ្នកដំណើរ ៦០នាក់បានធ្លាក់ចូលទៅក្នុងទន្លេ Potomac នៃទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានបុកគ្នានៅកណ្តាលអាកាសជាមួយនឹងឧទ្ធម្ភាគចក្រយោធា Black Hawk Sikorsky H-60 ខណៈពេលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានជាតិ Ronald Reagan ដោយជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ដ៏សំខាន់ និងបិទជើងហោះហើរទាំងអស់៕