បាល់ទាត់៖ ខ្សែបម្រើ West Ham, Declan Rice បានសំរេចដកខ្លួនពីក្រុមជំរើសជាតិអង់គ្លេសមុនការប្រកួតជំរុះ World Cup ២ប្រកួតចុងក្រោយដោយសារមានជំងឺ។ កីឡាករវ័យ ២២ឆ្នាំរូបនេះមិនបានធ្វើការហ្វឹកហាត់ជាមួយក្រុមឡើយមុនការប្រកួតទល់នឹងអាល់បានី និងសាន់ម៉ារីណូ។

អង់គ្លេសមិនបានបញ្ជាក់ពីអ្នកជំនួសឡើយ ស្របពេលខ្សែបម្រើ Chelsea, Mason Mount និងខ្សែការពារ Manchester United, Luke Shaw សុទ្ធតែមិនអាចជួយក្រុមបាន។ Mason Mount មានបញ្ហាធ្មេញស្របពេល Luke Shaw មានរបួសបន្តិចបន្តួច និងត្រូវបានដូរចេញពាក់កណ្តាលទីពេល Manchester United ចាញ់ Manchester City កាលពីថ្ងៃសៅរ៍។ អង់គ្លេសនឹងត្រូវជួបអាល់បានីនៅ Wembley ថ្ងៃសុក្រនេះ និងជួបសាន់ម៉ារីណូនៅថ្ងៃទី១៥ ដើមសប្តាហ៍ក្រោយ។ អង់គ្លេសត្រូវការ ៤ពិន្ទុពីការប្រកួត ២លើកចុងក្រោយនេះដើម្បីមានកៅអីនៅជុំផ្តាច់ព្រ័ត្រ FIFA World Cup ២០២២ ប្រទេសកាតា៕
អត្ថបទ៖នាង សុភាវុធ