កម្ពុជា និងថៃ បានបើកិច្ចប្រជុំពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ជំហានទី២ ឆ្នាំ២០២៥-២០២៨ ដែលធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី២៩ខែមករាឆ្នាំ២០២៥នេះ។
នៅក្នុងកិច្ចប្រជុំ ខាងភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រះរាជាណាចក្រកម្ពុជា ហើយភាគីថៃដឹកនាំដោយលោកជំទាវ Jatuporn Rojanaparnich អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រ ថៃឡង់ដ៍។សមាសភាពគណៈប្រតិភូកម្ពុជារួមមានមកពី តំណាងក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោរប្រវេសន៍) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាការងារដោយផ្តោតទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តអនុស្សរណៈនៃយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ ដោយមានការពិភាក្សាគ្នាលើវិធានការនិងបញ្ហាផ្សេងៗ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ជំហានទី២ ឆ្នាំ២០២៥-២០២៨៕






