សមាជិកនៃប្រទេសអាហ្វ្រិកខាងលិចចំនួនបី មានប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងប្រទេសនីហ្ស៊េ បានដកខ្លួនចេញជាផ្លូវការពីសហគមន៍សេដ្ឋកិច្ចដែលមានសមាជិក១៥ប្រទេសនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) មួយឆ្នាំបន្ទាប់ពីប្រទេសដែលដឹកនាំដោយរបបយោធាទាំងបី បានប្រកាសរួមគ្នាថា មានបំណងចាកចេញពីប្លុកប្រចាំតំបន់នេះ។

គណៈកម្មការសហគមន៍សេដ្ឋកិច្ចប្រទេសនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដកខ្លួនចេញ បានចូលជាធរមាន កាលពីថ្ងៃពុធ។
វាគឺជាច្រកចេញជាប្រវត្តិសាស្ត្រពីប្លុក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងសកម្មភាពសេដ្ឋកិច្ចទាំងអស់ ជាពិសេសឧស្សាហកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ ថាមពល កសិកម្ម ធនធានធម្មជាតិ ពាណិជ្ជកម្ម បញ្ហារូបិយវត្ថុ និងហិរញ្ញវត្ថុ ព្រមទទាំងកិច្ចការសង្គម និងកិច្ចការវប្បធម៌។

ទោះជាយ៉ាងណា គណៈកម្មការបាននិយាយថា ខ្លួនបានសម្រេចថា «រក្សាទ្វាររបស់ ECOWAS នៅបើកចំហ» ក្នុងស្មារតីនៃ «សាមគ្គីភាពក្នុងតំបន់ និងជាផលប្រយោជន៍របស់ប្រជាជន»។
សហគមន៍នេះបានណែនាំថា រហូតដល់មានការជូនដំណឹងបន្ថែម អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុង និងក្រៅរដ្ឋជាសមាជិករបស់ខ្លួន ក្នុងចំណោមប្រទេសដទៃទៀត ទទួលស្គាល់លិខិតឆ្លងដែនជាតិ និងអត្តសញ្ញាណប័ណ្ណដែលមានស្លាកECOWAS កាន់កាប់ដោយពលរដ្ឋនៃប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្ស៊េ។