ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូង លោក Salva Kiir បានបញ្ជាឱ្យមានការស៊ើបអង្កេតជុំវិញការធ្លាក់យន្តហោះកាលពីថ្ងៃពុធ ដែលបានបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ រួមមានទាំងជនបរទេសផងដែរនៅក្នុងរដ្ឋ Unity State ។

យន្តហោះខ្នាតតូច ដែលកំពុងធ្វើដំណើរទៅទីក្រុងជូបា បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងនៅក្បែរវាលអណ្តូងប្រេង។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិស៊ូដង់ខាងត្បូង ជនជាតិចិន២នាក់ និងឥណ្ឌាម្នាក់។

លោកប្រធានាធិបតី បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា បន្ទាប់ពីឧបទ្ទវហេតុនៃសោកនាដកម្មនេះ លោកបានបញ្ជាឱ្យក្រសួងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ និងផ្តល់ចម្លើយដល់ក្រុមគ្រួសារដែលកំពុងមានទុក្ខ។
លោក Gatwech Bipal រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍របស់រដ្ឋ Unity State បាននិយាយថា មនុស្ស២១នាក់នៅលើយន្តហោះ មានតែអ្នកនៅរស់រានមានជីវិតម្នាក់ប៉ុណ្ណោះប៉ុន្តែនៅពុំទាន់កំណត់សញ្ជាតិបាននៅឡើយ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ។