កាសែត Asahi បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ មករា) នេះដោយដកស្រង់ប្រភពមកពីភាគីទាំងពីរថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃផែនការជាក់លាក់សម្រាប់កិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី Shigeru Ishiba និងលោកប្រធានាធិបតី Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខនេះ។

សេចក្ដីរាយការណ៍បាននិយាយថា មេដឹកនាំទាំងពីររូបនឹងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយលោក Ishiba ចង់កសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក Trump និងយល់ព្រមធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវសម្ព័ន្ធភាពជប៉ុន-អាមេរិក។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសជប៉ុន បានប្រាប់សារព័ត៌មានរ៉យទ័រថា "ពុំទាន់មានការសម្រេចអំពីពេលវេលាជាក់លាក់" សម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរទេ ហើយកាលវិភាគកំពុងត្រូវបានសម្របសម្រួល។
សេចក្ដីរាយការណ៍បន្ថែមថា លោក Ishiba ក៏មានគម្រោងពន្យល់អំពីការបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនជប៉ុន និងការកើនឡើងនៃថវិកាការពារជាតិរបស់ប្រទេសជប៉ុន នៅឯកិច្ចប្រជុំជាមួយលោក Trump ផងដែរ៕