លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ (២៩ មករា) បានបញ្ជាឱ្យសាងសង់ជំរំឃុំឃាំងដ៏ធំមួយដែលមានគ្រែចំនួន ៣០.០០០ នៅមូលដ្ឋានទ័ពជើងទឹក គ័នតាណាម៉ូ បេ (Guantánamo Bay) ក្នុងប្រទេសគុយបា ដោយគូសបញ្ជាក់ពីផែនការបង្កើតទីតាំងមួយនៅខាងក្រៅទឹកដីសហរដ្ឋអាមេរិក សម្រាប់ដាក់ជនអន្តោប្រវេសន៍ដែលត្រូវចាប់បាននៅក្នុងយុទ្ធនាការពង្រីកការនិរទេសរបស់ខ្លួន។

ថ្លែងនៅសេតវិមានមុនពេលចុះហត្ថលេខាលើច្បាប់ Laken Riley ដែលជាសេចក្ដីស្នើច្បាប់មួយសម្រាប់ការពង្រីកចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិកសម្រាប់ឧក្រិដ្ឋកម្មតូចតាច លោក Trump បាននិយាយថាទីតាំងដ៏ធំនៅ Guantánamo នឹង "ឃុំឃាំងជនបរទេសខុសច្បាប់ដ៏អាក្រក់បំផុតដែលគំរាមកំហែងប្រជាជនអាមេរិក" និងជា "កន្លែងពិបាកចេញមកវិញបំផុត"។

ក្រុមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ឬហៅថា ICE មានសមត្ថភាពឃុំឃាំងជនអន្តោប្រវេសន៍ប្រហែល ៤០.០០០នាក់ ដែលកំពុងប្រឈមនឹងការនិរទេស។ គ្រឿងបរិក្ខារធំបំផុតនៅក្នុងបណ្តាញរបស់ទីភ្នាក់ងារ ICE មានគ្រែប្រហែល ២.០០០ប៉ុណ្ណោះ ដូច្នេះលោក Trump បានពិពណ៌នាថាទីតាំងយោធា Guantánamo នឹងជាកន្លែងឃុំឃាំងធំបំផុតប្រៀបនឹងទីតាំងទាំងអស់ដែល ICE គ្រប់គ្រងនៅក្នុងសហរដ្ឋអាមេរិក។

ក្រុមមន្ត្រីរបស់លោក Trump បាននិយាយថា ពួកគេចង់ឱ្យជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក "និរទេសដោយខ្លួនឯង" ហើយជំរំ Guantánamo នេះគឺជាវិធានការមួយក្នុងចំណោមសកម្មភាពជាច្រើនក្នុងបំណងបំភ័យមនុស្សកាន់តែច្រើនឱ្យចាកចេញពីអាមេរិក៕