សហជីពបុគ្គលិកសហព័ន្ធធំបំផុតរបស់អាមេរិកចំនួនពីរ បានប្រាប់សមាជិកកាលពីថ្ងៃពុធ (២៩ មករា) ថាកុំឱ្យជឿទុកចិត្តលើសំណើរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដល់បុគ្គលិករដ្ឋាភិបាលចំនួន ២លាននាក់ ឱ្យលាឈប់ពីការងារជាមួយនឹងប្រាក់ឈ្នួលរយៈពេល ៨ខែ ខណៈមន្ត្រីរាជការជាច្រើនបានសម្តែងការខឹងសម្បារ និងជំទាស់ចំពោះជំហាននេះ។

នៅក្នុងការណែនាំដល់សមាជិក ៨០០.០០០នាក់របស់ខ្លួន សហព័ន្ធអាមេរិកនៃបុគ្គលិករដ្ឋាភិបាល (AFGE) ដែលជាសហជីពបុគ្គលិកសហព័ន្ធធំបំផុត -បានចោទសួរពីភាពស្របច្បាប់នៃសំណើនេះ និងថាតើប្រាក់សំណងនឹងបានមកពីណា ហើយថាតើរដ្ឋបាល "អាចនឹងរក្សាសន្យាបន្ទាប់ពីបញ្ចប់ការចរចារឬទេ"។

នៅក្នុងសារអ៊ីមែលទៅកាន់បុគ្គលិកសហព័ន្ធកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋបាលលោក Trump បានផ្តល់ជូនសំណើ "កម្មវិធីពន្យាពេលលាលែងពីតំណែង" ដែលនឹងអនុញ្ញាតឱ្យពួកគេបន្តនៅលើបញ្ជីប្រាក់ខែរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ប៉ុន្តែដោយមិនចាំបាច់ធ្វើការដោយផ្ទាល់ទេ បើមិនដូច្នេះអាចប្រថុយនឹងការបណ្ដេញចេញពីតំណែងដោយគ្មានសំណង។

អ៊ីមែលនេះបានផ្តល់ឱ្យបុគ្គលិកសហព័ន្ធរហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ដើម្បីសម្រេចចិត្តថាតើត្រូវចូលរួមដែរឬទេ។ សារនោះបានណែនាំអ្នកដែលចាប់អារម្មណ៍ឱ្យឆ្លើយតបពីគណនីអ៊ីមែលរបស់រដ្ឋាភិបាល ហើយវាយពាក្យថា "លាលែង"៕