បេក្ខជនដែលត្រូវបានប្រធានាធិបតី លោក Donald Trump ជ្រើសរើសឲ្យគ្រប់គ្រងក្រសួងពាណិជ្ជកម្ម គឺលោក Howard Lutnick កាលពីថ្ងៃពុធ (ទី២៩ ខែមករា) បាននិយាយថា ប្រទេសកាណាដា និងម៉ិកស៊ិកអាចចៀសផុតពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំង២ ចាត់វិធានការយ៉ាងឆាប់រហ័សបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ចរាចរណ៍សារធាតុហ្វង់តានីល ខណៈដែលរូបលោកប្តេជ្ញាថា នឹងបន្ថយល្បឿននៃការរីកចម្រើនរបស់ប្រទេសចិន ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។

អំឡុងសវនាការអះអាងរបស់ព្រឹទ្ធសភាអាមេរិក លោក Lutnick នាយកប្រតិបត្តិលំដាប់មហាសេដ្ឋី នៅ Wall Street បាននិយាយថា លោកបានផ្ដល់មតិយោបល់ដល់លោក Trump ឲ្យបន្តអនុវត្តពន្ធគយគ្រប់សមាជិកលើប្រទេសដ៏ជាក់លាក់ ដើម្បីស្តារឡើងវិញនូវ «ការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក» ចំពោះទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក ហើយបាននិយាយថា លោកនឹងពង្រឹការរារាំងឲ្យកាន់តែតែខ្លាំងក្លាដល់ការចូលប្រើប្រាស់របស់ចិន ចំពោះបច្ចេកវិទ្យាអាមេរិក ក្នុងនោះរួមទាំងបន្ទះអេឡិចត្រូនិក AI កម្រិតខ្ពស់ផងដែរ។
លោក Lutnick បាននិយាយថា ថ្ងៃផុតកំណត់នៅថ្ងៃទី១ ខែកុម្ភៈ របស់លោក Trump សម្រាប់ការដំឡើងពន្ធ ២៥ភាគរយលើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក គឺចង់ដាក់សម្ពាធឲ្យប្រទេសទាំង ២ បញ្ឈប់លំហូរនៃសារធាតុហ្វង់តានីលចូលទៅក្នុងដែនដីសហរដ្ឋអាមេរិក។
យ៉ាងណាក្ដី កាតព្វកិច្ចពន្ធដែលត្រូវបានគំរាមកំហែងនេះ គឺដាច់ដោយឡែកពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើពន្ធគយ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគោលនយោបាយពាណិជ្ជកម្មផ្សេងទៀតរបស់អាមេរិក ដែលត្រូវបានចេញក្រឹត្យដោយលោក Trump នៅពេលលោកចូលកាន់តំណែងកាលពីសប្តាហ៍មុន៕


