អ្នកម៉ៅការរាប់រយដែលធ្វើការឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) កំពុងត្រូវបានឲ្យសម្រាក ដោយគ្មានប្រាក់ឈ្នួល ហើយខ្លះត្រូវបានបញ្ចប់កិច្ចសន្យាតែម្ដង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញនូវការផ្អាកយ៉ាងទូលំទូលាយលើជំនួយបរទេសរបស់សហរដ្ឋអាមេរិកទូទាំងពិភពលោក។
ការសម្រេចនេះបានកើតមានឡើង ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានចេញការលើកលែងបន្ថែម នាពេលយប់ សម្រាប់ «ជំនួយមនុស្សធម៌សង្គ្រោះជីវិត» ខណៈដែលក្រុងវ៉ាស៊ីនតោនធ្វើការពិនិត្យរយៈពេល ៩០ថ្ងៃ ជាការផ្តួចផ្តើមរបស់លោក Trump ដែលកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោកចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា។
ទោះបីជាមានការលើកលែងក៏ដោយ ក៏ក្រុមផ្នែកសុខភាព និងមនុស្សធម៌ ជុំវិញពិភពលោក កាលពីថ្ងៃពុធ (ទី២៩ ខែមករា) នៅតែមិនប្រាកដថា តើពួកគេអាចចាប់ផ្ដើមការងារឡើងវិញ និងថា តើកម្មវិធីរបស់ពួកគេ ត្រូវបានធានារ៉ាប់រងដោយការលើកលែងនេះដែរ ឬទេ។
រដ្ឋបាលអាមេរិក ឲ្យដឹងថា ខ្លួនកំពុងធ្វើការពិនិត្យឡើងវិញ ដើម្បីធានាឲ្យបានថា ជំនួយបរទេសរាប់សិបពាន់លានដុល្លារអាមេរិកទូទាំងពិភពលោក គឺស្របតាមគោលនយោបាយការបរទេស «America First» (អាមេរិកទី១) របស់លោក Trump និងដើម្បីធានាឲ្យបានថា ប្រាក់របស់អ្នកបង់ពន្ធមិនត្រូវបានយកទៅខ្ជះខ្ជាយឥតប្រយោន៍។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏ធំបំផុតនៅលើពិភពលោក។ ក្នុងឆ្នាំសារពើពន្ធ២០២៣ ប្រទេសមហាអំណាចមួយនេះ បានបញ្ចេញជំនួយ ៧២ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក លើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីជំនួយផ្នែកសុខភាពរបស់ស្ត្រី ក្នុងតំបន់មានជម្លោះ រហូតដល់លទ្ធភាពទទួលបានទឹកស្អាត ការព្យាបាលមេរោគអេដស៍ សន្តិសុខថាមពល ហើយនិងការងារប្រឆាំងអំពើពុករលួយ៕