ប្រទេសអ៊ីស្រាអែល នឹងផ្ដាច់ទំនាក់ទំនងជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) នេះ បន្ទាប់ពីមានការចោទប្រកាន់ ដែលថា ស្ថាប័ននេះបានផ្តល់កន្លែងលាក់ខ្លួន សម្រាប់ពួកសកម្មប្រយុទ្ធហាម៉ាស ជាចំណាត់ការដែលទំនងជារារាំងការផ្តល់សេវាសំខាន់ៗរបស់ទីភ្នាក់ងារនេះ ក្រោយសង្គ្រាមរយៈពេល ១៥ខែ នៅតំបន់ហ្កាហ្សា។
ទីភ្នាក់ងារនេះ គឺ UNRWA (ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន) នឹងត្រូវបានហាមឃាត់មិនឲ្យធ្វើប្រតិបត្តិការនៅលើដែនដីអ៊ីស្រាអែល ហើយទំនាក់ទំនងរវាងស្ថាប័ននេះ និងមន្ត្រីអ៊ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យមានផងដែរ។

UNRWA បានផ្តល់ការគាំទ្រដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅជុំវិញតំបន់មជ្ឈិមបូព៌ាអស់រយៈពេលជាង ៧០ឆ្នាំមកហើយ ប៉ុន្តែបានមានជម្លោះជាយូរហើយដែរជាមួយមន្ត្រីអ៊ីស្រាអែល ដែលបានចោទប្រកាន់ម្តងហើយម្តងទៀតថា ទីភ្នាក់ងារនេះបានធ្វើឲ្យខូចសន្តិសុខរបស់ប្រទេស។ អរិភាពនេះមានសភាពកាន់តែខ្លាំងក្លាឡើងៗបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើប្រទេសអ៊ីស្រាអែល ដោយមានការចោទប្រកាន់ ដែលថា បុគ្គលិករបស់ UNRWA បានមានពាក់ព័ន្ធក្នុងការវាយប្រហារនេះ។
តាមរយៈវេទិកាបណ្ដាញសង្គម X នៅមុនការហាមឃាត់នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល គឺលោក Oren Marmorstein បានសរសេរថា៖ «ជំនួយមនុស្សធម៌ មិនចាំបាច់ពឹងតែលើ UNRWA ហើយមិនចាំបាច់ទាល់តែមាន UNRWA ទើបអាចផ្ដល់ជំនួយមនុស្សធម៌បាននោះដែរ។ ផ្ទុយទៅវិញ UNRWA គឺស្មើនឹងអង្គការមួយដែលជួយដល់សកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាស»។
លោកបានសរសេរបន្ថែមថា៖ «នេះហើយជាមូលហេតុ ដោយចាប់ពីថ្ងៃទី៣០ ខែមករា ហើយស្របតាមច្បាប់អ៊ីស្រាអែល អ៊ីស្រាអែលនឹងមិនមានទំនាក់ទំនងជាមួយ UNRWA ទៀតទេ»៕


