យ៉ាងហោចណាស់មនុស្ស ៥នាក់ បានស្លាប់ ហើយរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញទូទាំងរដ្ឋចំនួន២ នៅលើកោះ Borneo របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបង្កជាទឹកជំនន់ និងបំណាក់ដី។
ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ភ្លៀងធ្លាក់កម្រិតជាង ៧០០មីលីម៉ែត្រ មាននៅផ្នែកនៃតំបន់ជាច្រើនរបស់រដ្ឋ Sabah និង Sarawak ជាកន្លែងដែលក្រុមហ៊ុន Petroliam Nasional (Petronas) ដំណើរការរោងចក្រឧស្ម័នធម្មជាតិរាវ (LNG)។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានព្រមានថា ភ្លៀងនឹងបន្តមានរហូតដល់ថ្ងៃទី៣១ ខែមករា។
បើយោងតាមនាយកដ្ឋានធារាសាស្ត្រ និងប្រព័ន្ធលូ បានឲ្យដឹងថា តំបន់នៅជុំវិញទីក្រុង Bintulu ក្នុងរដ្ឋ Sarawak គឺជាតំបន់មួយ ក្នុងចំណោមតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត។
អ្នកស្រុកជាង ៥.០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា។ នេះបើយោងតាមរបាយការណ៍ព័ត៌មាន ក្នុងស្រុក ដែលបានហៅហេតុការណ៍នេះថា ជា «ទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
រូបភាពជាសន្លឹក និងវីដេអូដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម បានបង្ហាញពីសង្កាត់ទាំងមូលជាច្រើន បានលិចនៅក្នុងទឹកភក់ ហើយមនុស្សបានហូរអណ្ដែតទៅតាមចរន្តទឹក ឬជាប់នៅលើដំបូលផ្ទះ។ តែយ៉ាងណាក្ដី សារព័ត៌មាន Bloomberg មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើរូបភាពវីដេអូនោះទេ៕