ជនភៀសខ្លួនអ៊ីរ៉ាក់ និងជាអ្នកធ្វើយុទ្ធនាការប្រឆាំងឥស្លាមម្នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងប្រទេសស៊ុយអែត ប៉ុន្មានម៉ោងមុនពេលរូបគេនឹងត្រូវស្ដាប់សាលក្រមរបស់តុលាការ បន្ទាប់ពីមានការកាត់ក្តី ពាក់ព័ន្ធនឹងការដុតគម្ពីរគូរ៉ាន ហើយនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) នេះ មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួន ជុំវិញករណីបាញ់ប្រហារនេះ។
នគរបាលស៊ុយអែតបានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ កាលពីល្ងាចថ្ងៃពុធ (ទី២៩ ខែមករា) ហើយត្រូវបានរដ្ឋអាជ្ញាបញ្ជាឲ្យឃុំខ្លួន។ ពួកគេមិនបានបញ្ជាក់ប្រាប់ថា តើអ្នកបាញ់ប្រហារស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននោះដែរ ឬទេ។

លោក Salwan Momika អាយុ ៣៨ឆ្នាំ ត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ នៅក្នុងផ្ទះមួយខ្នង ក្នុងទីក្រុង Sodertalje ក្បែរទីក្រុង Stockholm។ នេះបើតាមទូរទស្សន៍សាធារណៈ SVT ដែលបានរាយការណ៍ដោយដកស្រង់ប្រភពនគរបាលដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គួររំលឹកថា ជនរងគ្រោះបានដុតច្បាប់ចម្លងនៃគម្ពីគូរ៉ាន ដែលជាសាស្ត្រាច្បាប់ដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាម អំលុងពេលមានបាតុកម្មជាសាធារណៈ កាលពីឆ្នាំ២០២៣ ប្រឆាំងនឹងសាសនាឥស្លាម។
អ្នកនាំពាក្យនគរបាលបានបញ្ជាក់ថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ នៅទីក្រុង Sodertalje ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតឡើយ៕

