យោធាអ៊ីស្រាអែល ប្រាប់ឲ្យដឹងថា ក្រុមហាម៉ាស បានដោះលែងទាហានអ៊ីស្រាអែលស្រីម្នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) ដែលនាំឲ្យការដោះលែងចំណាប់ថ្នូរមានចំនួន ៨នាក់ហើយ គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។ ហើយក្រុមសកម្មប្រយុទ្ធឥស្លាម និយាយថា ខ្លួននឹងដោះលែងអ្នកជាប់ឃុំ ២នាក់ទៀត នៅយប់ថ្ងៃនេះ។
ក្រុមហាម៉ាសបានសន្យាដោះលែងចំណាប់ថ្នូរសរុបចំនួន ៣៣នាក់ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែមករា នៅតំបន់ហ្កាហ្សាស្ទ្រីប។ មុនការដោះលែងថ្ងៃព្រហស្បតិ៍នេះ ចំណាប់ថ្នូរជាស្ត្រី ៧នាក់ ទទួលបានសេរីភាព។ ជាថ្នូរវិញ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន ២៩០នាក់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ដាច់ដោយឡែក ក្រុមហាម៉ាសគ្រោងដោះលែងចំណាប់ថ្នូរជនជាតិថៃ ៥នាក់។ នៅថ្ងៃព្រហស្បតិ៍ផងដែរ ច្បាប់អ៊ីស្រាអែលថ្មី បានចូលជាធរមាន ដើម្បីហាមឃាត់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅដើមបូព៌ា ឬ UNRWA មិនឲ្យមានប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីស្រាអែល។
សហគមន៍អន្តរជាតិកំពុងសម្តែងការព្រួយបារម្ភ អំពីវិធានការនេះ ដោយសារបម្រាមលើ UNRWA អាចកាត់បន្ថយជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងតំបន់ផ្សេងៗទៀត៕


