ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ៣នាក់ និងថៃ ៥នាក់នៅតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (៣០ មករា) ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១១០នាក់ បន្ទាប់ពីពន្យារពេលដំណើរការដោះដូរនេះដោយសារតែកំហឹងចំពោះហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាយ៉ាងរញ៉េរញ៉ៃច្របូកច្របល់នៅទីតាំងមួយនៃការប្រគល់ចំណាប់ថ្នូរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការមើលឃើញទិដ្ឋភាពនៃការប្រគល់ចំណាប់ថ្នូរដ៏ច្របូកច្របល់ប្រជ្រៀតគ្នានេះ ធ្វើឱ្យមានការតក់ស្លុត និងគំរាមសម្លាប់អ្នកណាក៏ដោយដែលធ្វើបាបចំណាប់ថ្នូរ។

លោក និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា ពួកគេបានបញ្ជាឱ្យពន្យារពេលក្នុងការដោះលែងអ្នកទោស "រហូតដល់ការចាកចេញដោយសុវត្ថិភាពនៃចំណាប់ថ្នូរនៅក្នុងដំណាក់កាលបន្ទាប់ ត្រូវបានធានា"។ ការិយាល័យនាយករដ្ឋមន្ត្រីក្រោយមកបាននិយាយថា អ្នកសម្រុះសម្រួលបានប្តេជ្ញាធានាឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពនៃចំណាប់ថ្នូរនៅក្នុងការដោះដូរនាពេលអនាគត។

នៅល្ងាចថ្ងៃព្រហស្បតិ៍ រថយន្តក្រុងបានមកដល់ទីក្រុង Ramallah នៃតំបន់ West Bank ដែលដឹកអ្នកទោសប៉ាឡេស្ទីនមួយចំនួនក្នុងចំណោម ១១០នាក់ ដែលត្រូវបានដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងជាដំណាក់កាល ដែលបានបញ្ឈប់សង្រ្គាមជាង ១៥ខែនៅក្នុងទឹកដីឆ្នេរហ៊ុមព័ទ្ធកាលពីថ្ងៃទី១៩ ខែមករា៕