WHO៖ អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាឬ COVID-19 បានហក់ឡើង ១០% នៅអឺរ៉ុបកាលពីសប្ដាហ៍មុន ដែលបានក្លាយជាតំបន់តែមួយគត់មានទាំងករណីឆ្លង ទាំងករណីស្លាប់ដោយសារវីរុស COVID-19 កើនឡើងជាលំដាប់។ នោះជាសប្ដាហ៍ទី ៦ជាប់ៗគ្នាដែលវីរុសនេះបានហក់ឡើងខ្ពស់នៅទូទាំងទ្វីបនេះ។

ក្នុងរបាយការណ៍ប្រចាំសប្ដាហ៍របស់ខ្លួនស្ដីពីការវិវត្តន៍នៃវីរុសរាតត្បាតសកល ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយថា មានករណីឆ្លងថ្មីប្រមាណ ៣.១លាននាក់នៅទូទាំងពិភពលោកកើនឡើងប្រហែល ១% ពីសប្ដាហ៍មុនជិត ២ភាគ៣ នៃការឆ្លងវីរុសកូរ៉ូណាចំនួន ១.៩លានករណីនៅក្នុងទ្វីបអឺរ៉ុប ជាទីដែលមានករណីឆ្លងបានហក់ឡើង ៧%។ បណ្ដាប្រទេសដែលមានចំនួនខ្ពស់បំផុតនៃករណីឆ្លងថ្មីនៅទូទាំងពិភពលោក មានសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស ទួរគី និងអាល្លឺម៉ង់។ ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 ប្រចាំសប្ដាហ៍បានធ្លាក់ចុះប្រហែល ៤% នៅទូទាំងពិភពលោក និងបានធ្លាក់ចុះគ្រប់តំបន់លើកលែងតែទ្វីបអឺរ៉ុប។
ក្រៅពីប្រទេសចំនួន ៦១ អង្គការសុខភាពពិភពលោកបានដាក់បញ្ចូលក្នុងតំបន់អឺរ៉ុប ដែលរួមទាំងប្រទេសរុស្ស៊ី និងរហូតទៅដល់អាស៊ីកណ្ដាលនោះមានការរាយការណ៍ពីករណីឆ្លងកើនឡើង ៤២% យ៉ាងហោចណាស់ក៏មាន ១០% កាលពីសប្ដាហ៍មុន។ នៅទ្វីបអាមេរិក អង្គការសុខភាពពិភពលោកបាននិយាយថា ករណីឆ្លងថ្មីប្រចាំសប្ដាហ៍បានធ្លាក់ចុះ ៥% និងការស្លាប់ថយចុះ ១៤% ខណៈដែលមានករណីឆ្លងខ្ពស់បំផុតត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន